ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មន្ត្រីកាំកុងត្រូលខេត្តតាកែវ ចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់ នៅក្នុងពិធីតាំងពិព័រណ៍ពាណិជ្ជកម្ម កម្ពុជា-ថៃ

តាកែវ:ក្រុមមន្ត្រីកាំកុងត្រូល ខេត្តតាកែវ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម បាននាំគ្នាចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទ ដែលដាក់ តាំងលក់នៅក្នុងក្នុងអំឡុងពេលតាំងពិព័រណ៍ ពាណិជ្ជកម្មកម្ពុជា-ថៃ នៅបរិវេណក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកថ្ងៃទី ០៣ ឧសភា ២០១៦។

ប្រធានសាខាកាំកុងត្រូល ខេត្តតាកែវ លោក ប៉ោ លាងគង់ មានប្រសាសន៍ថា ការតាំងពិព័រណ៍ នេះមានរយៈពេលប្រមាណ១សប្ដាហ៍ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានចូលរួម និងបានដើរទិញទំនិញ ដូច្នោះ ដើម្បីធានាបាននូវភាពប្រក្រតីនៃចំណីអាហារ ពិសេសសុខភាពប្រជាពលរដ្ឋ ដែលទិញចំណីអាហារយកទៅបរិភោគ មន្ត្រីជំនាញរបស់លោកបានត្រួតពិនិត្យ និងធ្វើតេស្ដបឋម រកនូវសារធាតុគីមីដែលហាមឃាត់ ទៅលើមុខចំណីអាហារទាំងនោះ។ ក៏ប៉ុន្តែការធ្វើតេស្ដបឋមទៅលើសរសៃ គុយទាវ មីសួរ ព្រមទាំងប្រហិតសាច់ក្តាម និងប្រហិតសាច់មាន់នោះ ជាលទ្ធផលគឺរកពុំឃើញ នូវសារធាតុគីមីប៊ូរ៉ាក់ នោះទេ។

លោក បានបន្តថា ដោយឡែកទំនិញជាប្រភេទវេចខ្ចប់ស្រាប់ដូចជា ដំណាប់ស្វាយ ពុទ្រា ចេក និងនំកញ្ជប់ ភេសជ្ជៈជាដើមនោះ គឺមិនមានហួសកាលបរិច្ឆេទប្រើប្រាស់ ឬខូចគុណភាពនោះឡើយ។

ប្រធានសាខាកាំកុងត្រូល ខេត្តតាកែវ ក៏បានអំពាវនាវសូមកុំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ឬភ័យខ្លាចថា ទំនិញដែលយកមកដាក់លក់នៅពិធីតាំងពិព័រណ៍ មិនល្អឬខូចគុណភាព។ គ្រប់ទំនិញទាំងអស់ត្រូវបានពិនិត្យយ៉ាងម៉ត់ចត់ ហើយមិនប៉ះពាល់ដល់សុខភាពដល់អ្នកប្រើប្រាស់នោះទេ៕

Captureaa Capturea (2)

មតិយោបល់