ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្ថានទូតអាមេរិកក្លែងក្លាយមួយកន្លែង ត្រូវអាជ្ញាធរហ្គាណាកម្ទេចចោល

ហ្គាណាៈ បើតាមអាជ្ញាធរហ្គាណា កាលពីថ្ងៃព្រហស្បតិ៍ បានកម្ទេចស្ថានទូតអាមេរិកក្លែងក្លាយមួយកន្លែង ក្នុងរដ្ឋធានីអាក្រា ដែលជាបណ្តាញឧក្រិដ្ឋកម្ម បន្ទាប់ពីរកឃើញថា ស្ថានទូតនេះ បានចេញទិដ្ឋាការខុសច្បាប់អស់រយៈពេល ជាងមួយទសវត្សរ៍។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦។

ក្រសួងការបរទេសអាមេរិក បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅល្ងាចថ្ងៃសុក្រថា ស្ថានទូតនេះ មិនត្រូវបានដំណើរការដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែវាត្រូវបានគ្រប់គ្រង ដោយក្រុមឧក្រិដ្ឋកម្មហ្គាណា និងតួកគី។

ក្រុមឧក្រិដ្ឋកម្មបានចេញទិដ្ឋាការអាមេរិក មិនស្របច្បាប់ និងឯកសារអត្តសញ្ញាណក្លែងក្លាយ រួមបញ្ចូលសំបុត្រកំណើត សម្រាប់មនុស្សម្នាក់ ក្នុងតម្លៃ ៦,០០០ដុល្លារ។

យោងតាមមន្រ្តីក្នុងតំបន់ហ្គាណាបានឲ្យដឹងថា ក្នុងអំឡុងពេលវាយឆ្មក់ចូល អាជ្ញាធរបានចាប់ខ្លួនមនុស្សជាច្រើននាក់ ដោយរឹបអូសទិដ្ឋាការឥណ្ឌា អាហ្វ្រិកខាងត្បូង និងលិខិតឆ្លងដែនខុសច្បាប់ចំនួន ១៥០ រួមជាមួយនឹងកុំព្យូទ័រយួរដៃ និងទូរស័ព្ទ។

សូមជំរាបថា ស្ថានទូតអាមេរិកពិតប្រាកដប្រចាំប្រទេសហ្គាណា ស្ថិតនៅក្នុងសង្កាត់ Cantonments រដ្ឋធានីអាក្រា ប្រទេសហ្គាណា គឺមានការការពារយ៉ាងរឹងមាំ ហើយមានមនុស្សរាប់រយនាក់ តំរង់ជួររង់ចាំនៅខាងក្រៅស្ថានទូត ជារៀងរាល់ថ្ងៃ សម្រាប់ការសុំទិដ្ឋាការផ្សេងៗ៕

ស្ថានទូតក្លែងក្លាយ

ស្ថានទូត

ស្ថានទូតពិតប្រាកដ

ស្ថានទូតពិត

មតិយោបល់