ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Apple សារភាពពីគម្រោងផលិតរថយន្តស្វ័យបើកបរ

ក្រុមហ៊ុន Apple បានទទួលស្គាល់ជាលើកដំបូងថា ខ្លួនកំពុងវិនិយោគទៅលើគម្រោងការផលិតរថយន្តស្វ័យបើកបរ ដែលជាប្រភេទរថយន្តអាចបើកបរបានដោយខ្លួនឯង (Self-Driving Car)។
photo_2016-12-05_11-41-45
ក្នុងលិខិតមួយដែលបានផ្ញើទៅកាន់និយ័តករដឹកជញ្ជូនសហរដ្ឋអាមេរិក ក្រុមហ៊ុនបានរ៉ាយរ៉ាប់ថា ខ្លួនពិតជាមានសេចក្តីរំភើបអំពីគម្រោងការដែលមានសក្តានុពលនៃប្រព័ន្ធបើកបរដោយខ្លួនឯង នៅលើតំបន់មួយចំនួន រួមបញ្ចូលទាំងការដឹកជញ្ជូន។ ក្រុមហ៊ុននេះបានបន្ថែមទៀតថា គ្រោងការផលិតរថយន្តថ្មីរបស់គេក៏មានផ្តល់ជូននូវផលប្រយោជន៍សំខាន់ដល់សង្គមផងដែរ។

ពាក្យចរចាមអារ៉ាមជាយូរមកហើយ បាននិយាយពីគម្រោងការផលិតរថយន្តរបស់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះ ប៉ុន្តែ មិនមានការទទួលស្គាល់ជាសាធារណ:ពីក្រុមហ៊ុន Apple ឡើយ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Ford ដែលមានគម្រោងថានឹងបញ្ចេញរថយន្តស្វ័យបើកបរនៅលើដងផ្លូវក្នុងឆ្នាំ ២០២១ បានលើកឡើងថា បច្ចេកវិជ្ជាស្វ័យបើកបរ គឺជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមហ៊ុន Apple ក្នុងការត្រៀមនឹងផលិតចេញរថយន្ត។ Apple បានចុះឈ្មោះទិញអាសយដ្ឋានគេហទំព័រអ៊ិនធឺណិតមួយចំនួនរួចរាល់ហើយ ក្នុងនោះរួមមាន apple.car និង apple.auto។

អ្នកនាំពាក្យក្រុមហ៊ុន Apple បាននិយាយថា លិខិតដែលផ្ញើជូនរដ្ឋបាលសុវត្ថិភាពចរាចរណ៍មហាវិថីជាតិ បានក្រើនរំលឹកថា «Apple បានចំណាយថវិកាយ៉ាងក្រាស់ក្រែលក្នុងការវិនិយោគទៅក្នុងការពិសោធន៍ប្រព័ន្ធម៉ាស៊ីនរថយន្តបើកបរដោយខ្លួនឯងនេះ ហើយក៏ចង់ជួយកំណត់បញ្ជាក់ការអនុវត្តន៍បែបផែនដ៏ល្អសម្រាប់វិស័យឧស្សាហកម្មនេះផងដែរ»៕

មតិយោបល់