ភ្នំពេញៈ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នឹងជ្រើសរើសយកអ្នកកាសែតកម្ពុជា ចំនួន១៥រូប ដើម្បីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល អំពីការយកព័ត៌មាន និងរាយការណ៍ពីព្រឹត្តិការណ៍បោះឆ្នោត នៅសហរដ្ឋអាមេរិក រយៈពេល១៥ថ្ងៃ នៅកំឡុងខែតុលា ឆ្នាំ២០១៦ខាងមុខ។
សេចក្ដីប្រកាសព័ត៌មាន ពីមជ្ឈមណ្ឌលអន្តរជាតិសម្រាប់បណ្តុះបណ្តាល អ្នកសារព័ត៌មាន (ICFJ) ដែល Post News ទទួលបាននៅរសៀលថ្ងៃទី៣ ខែឧសភានេះ បង្ហាញឲ្យដឹងថា ដោយទទួលបានមូលនិធិ ពីស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងទីក្រុងភ្នំពេញ មជ្ឈមណ្ឌល ICFJ នឹងបើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានទាក់ទងនឹងការយកព័ត៌មាន និងរាយការណ៍អំពីដំណើរការបោះឆ្នោត តាមអនឡាញជាភាសាខ្មែរ ព្រមទាំងជ្រើសរើសសិក្ខាកាមចំនួន១៥នាក់ ទៅធ្វើទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិក ដោយមានការជួយបង្ហាត់បង្ហាញ និងផ្តល់ប្រឹក្សាយោបល់ជាលក្ខណៈបុគ្គលតាមអនឡាញ។
កម្មវិធីនេះនឹងផ្តល់ការបណ្តុះបណ្តាល អំពីស្តង់ដារ នៃការធ្វើព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការណែនាំអំពីពហុប្រព័ន្ធផ្សព្វផ្សាយសង្គម និងឧបករណ៍សម្រាប់រាយការណ៍តាមប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់ការរាយការណ៍ព័ត៌មាន និងការចូលរួមពីអ្នកអាន និងអ្នកស្តាប់។
បើតាមមជ្ឈមណ្ឌល ICFJ ដដែល សិក្ខាកាម ក៏នឹងមានឱកាសធ្វើការសង្កេតមើលការយកព័ត៌មាន នៃព្រឹត្តិការណ៍ឆ្ពោះទៅរកការបោះឆ្នោតទូទៅ នៅសហរដ្ឋអាមេរិកផងដែរ។ ពួកគេនឹងជួបជាមួយមន្ត្រីសហរដ្ឋអាមេរិក ថ្នាក់ដឹកនាំសង្គមស៊ីវិល អ្នកជំនាញផ្នែកនយោបាយ និងអ្នកជំនាញខាងការពិនិត្យតាមដានការបោះឆ្នោត និងអ្នកកាសែតផ្សេងទៀត ដើម្បីពង្រីកការយល់ដឹងរបស់ពួកគេអំពី ថាតើប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក គេដំណើរការយ៉ាងដូចម្តេចនៅក្នុងយុគសម័យឌីជីថលនេះ។
អ្នកកាសែត ដែលបានជ្រើសរើសសម្រាប់ទស្សនកិច្ចសិក្សា នឹងធ្វើទស្សនកិច្ចទៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ចុះទៅមើល “កន្លែងសមរភូមិ” បោះឆ្នោតនៅក្នុង Midwest និងទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រនី។
គួរជម្រាបថា ចំពោះអ្នកសារព័ត៌មានចាប់អារម្មណ៍ អាចភ្ជាប់ជាមួយនូវលិខិតបញ្ជាក់ និងលិខិតគាំទ្រពីចាងហ្វាងស្ថាប័នរបស់ខ្លួន ឬពីនិពន្ធនាយក នៅពេលដាក់ពាក្យសម្រាប់កម្មវិធីបណ្តុះបណ្តាលតាមអនឡាញនេះ។ កម្មវិធីនេះមានរយៈពេល៦សប្តាហ៍ ចាប់ផ្តើមពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ និងបញ្ចប់នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦៕
មតិយោបល់