(ញូដេលី)៖ ប្រជាជនឥណ្ឌា កំពុងប្រញាប់ប្រញាល់ចុះឈ្មោះតាមប្រព័ន្ធអនឡាញ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយ ដែលនឹងត្រូវធ្វើឡើងនៅចុងសប្ដាហ៍នេះ ខណៈចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសកើនលើស ២សែននាក់ហើយ។

កាលពីថ្ងៃពុធម្សិលមិញ ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ចំនួន ៣៦០,៩៦០នាក់ ក្នុងពេលមួយថ្ងៃនាំឱ្យអ្នកឆ្លងសរុបកើនដល់ជិត១៨លាននាក់ ខណៈអ្នកស្លាប់បានកើន ដល់ ២០១,១៨៧នាក់ បន្ទាប់ពីអ្នកស្លាប់ ៣,២៩៣នាក់ត្រូវបានរាយការណ៍ក្នុងរយៈពេលត្រឹមតែមួយថ្ងៃដូចគ្នា។ ការកើនឡើងករណីឆ្លងយ៉ាងគំហុកនេះធ្វើឱ្យប្រព័ន្ធសុខាភិបាល និងមន្ទីរពេទ្យខ្វះខាតបរិក្ខាពេទ្យ ជាពិសេសអុកស៊ីសែន និងគ្រែ ដើម្បីសង្រ្គោះជីវិតអ្នកជំងឺ។

អង្គការសុខភាពពិភពលោក បានឱ្យដឹងថាឥណ្ឌាមានអ្នកឆ្លង COVID-19 ប្រហែលជា៣៨ភាគរយ នៃអ្នកឆ្លង ៥.៧លាននាក់ដែល ត្រូវបានរាយការណ៍នៅជុំវិញពិភពលោកកាលពីសប្ដាហ៍មុន។ វីរុសបំប្លែងខ្លួនថ្មី B.1.617 ដែលអ្នកជំនាញជឿថាមានសមត្ថភាពចម្លងលឿនរហ័ស និងមានកាចសាហាវជាងវីរុសដើមអាចជាមូលហេតុមួយនៅពីក្រោយនៃរលកទី២នាពេលបច្ចុប្បន្ន៕
AFP៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១



មតិយោបល់