ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក ឱម យ៉ិនទៀង ស្នើឲ្យសិល្បៈករផ្ញើសារអប់រំ ប្រឆាំងអំពើពុករលួយ ដើម្បីសង្គម

ភ្នំពេញៈ សិល្បៈករ សិល្បៈការិនី បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមប្រឆាំង និងទប់ស្កាត់អំពើពុករលួយ ខណៈសារអប់រំមួយមាត់របស់សិល្បៈករ មានឥទ្ធិពលដល់អ្នកគាំទ្ររាប់ម៉ឺន។ លោក ឱម យ៉ិនទៀង ស្នើឲ្យសិល្បះករ និងផលិតករបន្តចូលរួមឲ្យបានទាំងអស់គ្នា ផ្ញើសារអប់រំប្រឆាំងអំពើពុករលួយ ដើម្បីសង្គមកម្ពុជា រស់នៅដោយស្អាតស្អំ។

លោកបានស្នើយ៉ាងដូច្នេះ ក្នុងពិធីអបអរសាទរទិវាជាតិ៩ធ្នូ – ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់ផលិតកម្មសាន់ដេ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។ ផលិតកម្មសាន់ដេ បានចូលរួមយ៉ាងសកម្មជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការផ្ញើសារអប់រំទៅកាន់ប្រជាពលរដ្ឋឲ្យបានដឹងពីផលប៉ះពាល់នៃការប្រព្រឹត្តអំពើពុករលួយ។

បើតាមលោក ឱម យ៉ិនទៀង មានតួអង្គសំខាន់៣ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំង និងទប់ស្កាត់អំពើពុករលួយនៅក្នុងសង្គមកម្ពុជា។ ក្នុងនោះ មាន ACU ជាស្ថាប័នសាម៉ីផ្ទាល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងសិល្បៈករ និងក្រសួងព័ត៌មាន តំណាងឲ្យអ្នកសារព័ត៌មាន រួមគ្នាប្រឆាំង និងទប់ស្កាត់អំពើពុករលួយ ដើម្បីធ្វើឲ្យសង្គមរស់នៅស្អាតស្អំ ឈានទៅលុបបំបាត់អំពើពុករលួយ។ ជាមួយគ្នា សិល្បៈករបានដើរតួសំខាន់ជាងគេ ក្នុងការផ្ញើសារអប់រំដល់ពលរដ្ឋ ខណៈដែលពួកគេមានអ្នកគាំទ្ររាប់ម៉ឺននាក់ ហើយលោកបានស្នើឲ្យមានកិច្ចសហការជាមួយសិល្បៈករសិល្បៈការិនី និងផលិតករ ចូលរួមឲ្យបានទាំងអស់គ្នា។

លោក ឱម យ៉ិនទៀង៖ «យើងអាចមានការសហការ សហការដំបូងបំផុត គឺយើងខ្ញុំសុំសិល្បៈករ ផលិតករ ចឹងថា សុំតាម៉ាមាត់ហ្អេ! សុំម៉ាមាត់ អត់ឲ្យរំខានខ្លឹមសារទេ ៩៩ភាគរយទៀត គឺខ្លឹមសារសិល្បៈរបស់ក្មួយៗចុះ សុំតាម៉ាមាត់ម្នាក់តិច និយាយថា រស់នៅស្អាតស្អំ មិនបានទេអី? ឬមួយថា ប្រឆាំងអំពើពុករលួយទៅ ដើម្បីសង្គមយើង! កុំពុករលួយ រស់នៅស្អាតស្អំទៅ។ ខ្ញុំជឿជាក់ថា មានឥទ្ធិពល មានតម្លៃ សង្គមដឹងគុណ សង្គមនឹងកត់ត្រាទុក»

នៅក្នុងពិធីនាព្រឹកមិញនេះ ម្ចាស់ផលិតកម្មសាន់ដេ ផលិតករ និងសិល្បៈករ រួមមាន លោក ខេមរៈ សេរីមន្ត លោក ឆាយ វិរៈយុទ្ធ លោក ខាន់ ចេម កញ្ញា អ៊ីវ៉ា និងកញ្ញា សុខ ពិសី បានទទួលគ្រឿងឥស្សរិយយសពីព្រះមហាក្សត្រ សម្រាប់សកម្មភាពចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ក្នុងពេលអនាគតផលិតកម្មសាន់ដេ នឹងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ផលិតខ្សែភាព​យន្ត ស្តីពីរឿងប្រឆាំងអំពើពុករលួយផងដែរ៕

មតិយោបល់