ព័ត៌មានជាតិ

នគរបាលសេដ្ឋកិច្ចចុះឆែកឆេរផ្ទះលក់ភេសជ្ជៈគ្រប់មុខយីហោ ប៉ូឡូ រកឃើញបារី៥៥៥ក្លែងក្លាយជាង៣០សុង

កណ្តាលៈ ដោយយោងតាមដីកាបង្គាប់ឲ្យឆែកឆេរលេខ ១៥០២ ដ.ក.ឆ.ឆ/១៦ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ របស់ប្រធានសាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល មានការចូលរួមពីលោកមេធាវី ចាប កែវ តំណាងឲ្យក្រុមហ៊ុន BAT កម្លាំងជំនាញសេដ្ឋកិច្ចបានចុះឆែរឆេរផ្ទះលក់ភេសជ្ជៈគ្រប់មុខ យីហោ ប៉ូឡូ រកឃើញបារី៥៥៥ក្លែងក្លាយចំនួន៣៦សុង និង០៦កញ្ចប់។

ការចុះបង្ក្រាបនិងឆែកឆេរនេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះលក់ភេសជ្ជៈគ្រប់មុខយីហោ ប៉ូឡូ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិតាខ្មៅ ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្តាល ។

បើតាមលោក លី សុជាតិ អនុប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ម្ចាស់ផ្ទះប្តីប្រពន្ធ ទី១ឈ្មោះ ថុង ប៊ុនថន ភេទប្រុស អាយុ៤៦ ឆ្នាំ មុខរបរលក់ដូរ (ប្តី) និងទី២-ឈ្មោះ សុខ ហួរ ភេទស្រី អាយុ៤៤ ឆ្នាំ មុខរបរលក់ដូរ (ប្រពន្ធ) អ្នកទាំងពីមានទីលំនៅ ភូមិតាខ្មៅ ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្តាល ។

លោក បន្តទៀតថា ដោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលផែនប្រឆាំងបទល្មើស មានការចូលរួមពីលោកមេធាវី ចាប កែវ តំណាងឲ្យក្រុមហ៊ុន BAT (ម្ចាស់ដើមបណ្តឹង) កម្លាំងចំរុះចុះធ្វើការត្រួតពិនិត្យបឆែកឆេរទីតាំងខាងលើ ចាប់យកបារី៥៥៥ក្លែងក្លាយ ខាងលើនេះតែម្តង។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំមកកាន់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីសាកសួរបន្ត និងចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/c14i6fhETE0

មតិយោបល់