ភ្នំពេញ: យោងតាមបណ្តាញសង្គមហ្វេសបុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ថា “ខ្ញុំសូមអំពាវនាវ និងបញ្ជាក់បន្ថែមអំពីដំណើរការក្តៅគគុកនៃយុទ្ឋនាការចែកចាយទឹកជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះទឹកទទួលទាន គឺត្រូវបន្តធ្វើនៅទូទាំងប្រទេស រួមទាំងការជីកអណ្តូងថ្មី ស្តារអណ្តូងចាស់ ជីកស្រះថ្មី ស្តារស្រះចាស់ និងជីកប្រឡាយថ្មី ស្តារប្រឡាយចាស់ដើម្បីប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់ រដូវកាល។ ចំពោះទីតាំងដែលមានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ គឺយកទីតាំងនោះសម្រាប់ចែកចាយបន្តទៅតាមផ្ទះឬទីកន្លែងណាដែលខ្វះទឹកប្រើប្រាស់ដូចជាសាលារៀនជាដើម។
ចំពោះការជីកអណ្តូង និងស្រះគឺជីកឲ្យជ្រៅជាងដង្ហើមទឹក ហើយសូមបន្តជីកស្រះ និងអណ្តូងឲ្យបានច្រើនថែមទៀត។ បើមានប្រជាពលរដ្ឋបាក់រលំផ្ទះគឺត្រូវដោះស្រាយជួយជួសជុលសាងសង់ឡើងវិញឲ្យបានលឿនជាបន្ទាន់ ដើម្បីបងប្អូនមានជម្រកស្នាក់នៅឡើងវិញ។ ការផ្លាស់ប្តូរបម្រែបម្រួលធាតុអាកាសពិភពលោកគឺធ្វើឲ្យមានគ្រោះធម្មជាតិកើតឡើងពាសពិភពលោក។ នេះជាគ្រោះធម្ម ជាតិដែលមិនធ្លាប់កើតឡើងជាង១០០ ឆ្នាំមកនេះ មិនថាតែកម្ពុជាទេ គឺកើតឡើងនៅលើពិភពលោកតែ ម្តងដែលយើងត្រូវរួមគ្នាដោះ ស្រាយ។
ខ្ញុំសូមបញ្ជាក់បន្ថែមសារជាថ្មី សូមក្រសួងផ្អាកការប្រជុំនៅភ្នំពេញ គឺត្រូវចុះទៅតាមខេត្តដើម្បីជួយប្រជាពលរដ្ឋកំពុងត្រូវការទឹក ជាពិសេសអភិបាលខេត្តត្រូវតែស្ថិតប្រចាំការនៅក្នុងខេត្ត។ តែបើមានកិច្ចប្រជុំចាំបាច់គឺអភិបាលរងឬក្រុមប្រឹក្សាខេត្តអាចមកចូលរួមប្រជុំនៅភ្នំពេញបាន។ បញ្ហាអត់ទឹកនេះគឺមិនមែនតូចតាចធម្មតានោះទេតែវាជាគ្រោះមហន្តរាយដ៏ធំមួយដែលត្រូវប្រមូលផ្តុំកម្លាំងដើម្បីដោះស្រាយ។
ខ្ញុំសូមអរគុណសារជាថ្មីដល់ក្រុមហ៊ុនឯកជន សប្បុរសជនទាំងឡាយ និងអាជ្ញាធរ កាកបាទក្រហម ព្រមទាំងយុវជនស្ម័គ្រចិត្តដែលបាន និងកំពុងយកចិត្តទុកដាក់ជួយផ្តល់ទឹក ជីកនិងស្តារស្រះ អណ្តូង និងជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋ៕”
មតិយោបល់