ភ្នំពេញ: អង្គការចលនាដើម្បីសុខភាពកម្ពុជា សហការគ្នាជាមួយអង្គការសុខភាពពិភពលោក រៀបចំកម្មវិធីប្រគល់រង្វាន់ដល់បេក្ខជនជ័យលាភីក្នុងការប្រកួតបង្កើតវីដេអូឃ្លីប ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង នៅថ្ងៃទី០៤ ឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារអ៊ីនធឺកុងទីណង់តាល់ ដោយមានការចូលរួមពីសមាជិករដ្ឋសភា មន្ត្រីក្រសួងអប់រំ អង្គការសង្គមស៊ីវិល និងសិស្សនិស្សិតប្រមាណ១០០នាក់។
ក្រុមផលិតវីដេអូពន្លឺនៃជីវិតទទួលបានជ័យលាភីលេខ១, ក្រុមផលិតវីដេអូសម្បតិ្តទទួលបានជ័យលាភីលេខ២ និងក្រុមផលិតវីដេអូការចាកចេញពីភពងងឹតទទួលបានជ័យលាភីលេខ៣ ហើយក្រុមនីមួយៗទទួលបានទឹកប្រាក់១លានរៀលដូចគ្នា ប៉ុន្តែក្រុមជាប់លេខ១ នឹងទៅចូលរួមសន្និសីទសកលរបស់អង្គការសុខភាពពិភពលោក WHO ស្តីពីសុខភាពសាធារណៈនៅទីក្រុងសៀងហៃ ប្រទេសចិន នៅខែវិច្ឆិកាខាងមុខនេះ។
ស្របពេលក្រសួងសុខាភិបាល កំពុងធ្វើសេចក្តីព្រាងច្បាប់មួយស្តីពី ការត្រួតពិនិត្យគ្រឿងស្រវឹង អង្គការចលនាដើម្បីសុខភាពបាន ស្នើឲ្យដល់ក្រសួងសុខាភិបាល ចាត់វិធានការចំនួនបួន ដើម្បីធ្វើកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ឲ្យមានប្រសិទ្ធភាព។ ក្នុងនោះមានដូចជា ចាត់វិធានការដំឡើងពន្ធ, ហាមផ្សាយពាណិជ្ជកម្ម, កំហិតការលក់គ្រឿងស្រវឹង និងកំណត់អាយុអ្នកប្រើប្រាស់គ្រឿងស្រវឹងជាដើម។
ក្នុងឱកាសនោះ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជា លោក មុំ គង់ បានលើកទ្បើងអំពីផលវិបាកជាច្រើន ដែលបណ្តាលមកពីគ្រឿងស្រវឹង ក្នុងនោះមានដូចជា គ្រឿងស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ក្នុងការបើកបរ, បង្កជំងឺដល់អ្នកប្រើប្រាស់ជាង២០០មុខ ដូចជាវិកលចរិក មហារីកនិងក្រិនថ្លើមជាដើម, បង្កអំពើហិង្សាក្នុងគ្រួសារដែលធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់អនាគតកូនចៅក្នុងគ្រួសារ ព្រមទាំងធ្វើឲ្យអ្នកប្រើប្រាស់បាត់បង់ស្មារតី និងធ្វើអ្វីផ្តេសផ្តាសនៅក្នុងសង្គមជាដើម។
តាមលទ្ធផលនៃការស្រាវជ្រាវ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការចលនាដើម្បីសុខភាពបង្ហាញថា ក្នុងឆ្នាំ ២០១៤ មានយុវជនកម្ពុជា៥៤% ប្រើប្រាស់គ្រឿងស្រវឹង ។ តួលេខនេះ បង្ហាញថា យុវជនកម្ពុជាប្រើប្រាស់គ្រឿងស្រវឹងប្រហាក់ប្រហែលយុវជនវៀតណាម ឡាវ ប៉ុន្តែច្រើនជាងថៃ សឹង្ហបូរី និងឥណ្ឌូនេស៊ីជាដើម។
ផ្អែកតាមការស្រាវជ្រាវនេះ គឺនៅកម្ពុជាគ្រឿងស្រវឹងជាមូលហេតុចម្បងដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ដែលក្នុងមួយឆ្នាំៗ កម្ពុជាខាតបង់ថវិកាប្រមាណ៤៤លានដុល្លារ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ៕
មតិយោបល់