ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយហៅថា “យុទ្ធនាការទិញផលិតផលខ្មែរ” លើកទី១ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនសំដៅលើកស្ទួយផលិតខ្មែរ។ ព្រឹត្តិការណ៍នេះ នឹងមានការដាក់តាំងបង្ហាញផលិតផលខ្មែរ ការធ្វើសិក្ខាសាលា និងការដង្ហែក្បួន នៅរាជធានីភ្នំពេញផងដែរ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែល Post News ទទួលបាននៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ ក្រសួងពាណិជ្ជកម្ម មានបំណងឲ្យផលិតករ អាជីវក អង្គការ សមាគម និងសាធារណៈជន ដែលបាន និងកំពុងផលិតនូវផលិតផលខ្មែរ សម្រាប់ចែកចាយនៅទូទាំងប្រទេសកម្ពុជា សហការក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ។
ម្ចាស់អាជីវកម្ម ផលិតករ អង្គការ សមាគម និងសាធារណៈជន មានបំណងចូលរួមក្នុងព្រឹត្តិការណ៍ខាងលើនេះ សូមមេត្តារួសរាន់ទៅចុះឈ្មោះនៅក្រសួងពាណិជ្ជកម្ម (នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ) ឲ្យបានមុនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ជាកំហិត។
“យុទ្ធនាការទិញផលិតផលខ្មែរ” នឹងត្រូវរៀបចំធ្វើឡើងក្នុងខេត្តសៀមរាប កំពង់ចាម ព្រះសីហនុ និងរាជធានីភ្នំពេញ តាមកាលបរិច្ឆេទដូចខាងក្រោម៖
១-ខេត្តសៀមរាប៖ ពិព័រណ៌ពាណិជ្ជកម្ម ពីថ្ងៃទី២៦-២៩ ខែឧសភា ឆ្នាំ២០១៦ នឹងធ្វើសិក្ខាសាលានៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។
២-ខេត្តកំពង់ចាម៖ ពិព័រណ៌ពាណិជ្ជកម្ម ពីថ្ងៃទី២៣-២៦ ខែមិថុនា ឆ្នាំ២០១៦ នឹងធ្វើសិក្ខាសាលានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦។
៣-ខេត្តព្រះសីហនុ៖ ពិព័រណ៌ពាណិជ្ជកម្ម ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០១៦ នឹងធ្វើសិក្ខាសាលានៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។
៤-រាជធានីភ្នំពេញ៖ ពិព័រណ៌ពាណិជ្ជកម្ម ពីថ្ងៃទី៣-៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដង្ហែក្បួន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នឹងធ្វើសិក្ខាសាលានៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦៕
មតិយោបល់