ភ្នំពេញ : អាជ្ញាធរខណ្ឌទួលគោកចុះរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងអប់រំពលរដ្ឋតាមដងផ្លូវឱ្យបញ្ឈប់ការតាំងលក់ឥវ៉ាន់ ការចាក់សាបបេតុង រៀបឥដ្ឋ រំលោភយកចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ និងដើម្បីកែលម្អសោភ័ណ្ឌភាព រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦។
លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ដែលដឹកនាំកម្លាំងមន្ត្រីខណ្ឌចុះប្រតិបត្តិការងារនាពេលនោះ បានថ្លែងថា យុទ្ធនាការចុះរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងអប់រំពលរដ្ឋឱ្យបញ្ឈប់ការដាក់តាំងលក់ឥវ៉ាន់ ការចាក់សាប និងការរៀបឥដ្ឋ រំលោភយក ចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺត្រូវបានធ្វើឡើងយោងតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌទួលគោក ដែលបានដាក់ចេញកាលពីអំឡុងចុងខែមេសា និងដើមខែឧសភា ឆ្នាំ២០១៦នេះស្តីពី ការរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណៈទាំងអស់ក្នុងខណ្ឌទួលគោក។
លោកអភិបាលរងខណ្ឌរូបនេះបានបញ្ជាក់ថាយុទ្ធនាការនេះគឺនឹងធ្វើឡើងជាលក្ខណៈភ្លៀងរលឹម សំដៅរក្សាឱ្យបាននៅសណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញក្នុងពេលកន្លងទៅធ្លាប់បានដាក់ចេញនៅវិធានការក្តៅកំណត់ឱ្យសាលាខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវតែរំដោះចិញ្ចើមផ្លូវពីការរំលោភបំពានយកធ្វើកន្លែងលក់ដូរ កន្លែងចតរថយន្ត និងកន្លែងចាប់ម៉ូយជិះរថយន្តឈ្នួលជាដើម ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់ទីក្រុង និងទុកចំណែកផ្លូវសម្រាប់អ្នកថ្មើជើងធ្វើដំណើរ។
ទោះជាយ៉ាងណាក្តីវិធានការក្តៅមួយនេះហាក់ ត្រជាក់ល្ហឹមស្ទើររឹងក្លាយជាទឹកកកទៅហើយនៅពេលនេះ ខណៈដែលមានតែអាជ្ញាធរខណ្ឌតិចតួចប៉ុណ្ណោះដែលបានអនុវត្តវិធានការនេះយ៉ាងយកចិត្តទុកដាក់ ចំណែកអាជ្ញាធរខណ្ឌមួយចំនួនទៀតត្រូវគេស្កេតឃើញថា ហាក់នៅរក្សាបាននូវវប្បធម៌កន្ទេលធំបន្លំដេក ដេកដួលរមួលផ្សុំគ្រិច ភ្លេចអនុវត្តភារកិច្ច និងការងារដែលថ្នាក់លើដាក់ឱ្យធ្វើទៅហើយ៕









មតិយោបល់