ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅមុននេះបន្តិច បានប្រកាសតាមទំព័រហ្វេសប៊ុករបស់សម្ដេចថា ចាប់ពីថ្ងៃទី៤-៨ ខែឧសភា ឆ្នាំ២០១៦នេះ សម្ដេចចាប់ទទួលការចុះឈ្មោះបេក្ខជនទាំងពីរភេទ សម្រាប់កម្មវិធីពានរង្វាន់ “ខ្ញុំជាយុវជនគំរូកម្ពុជា” លើកទី៣។
សម្ដេចបានលើកឡើងជាសំណួរថា តើមានយុវជនយុវនារីណាខ្លះ ដែលបាន និងកំពុងសាងស្នាដៃអំពើល្អនៅក្នុងសហគមន៍ សាលារៀន មណ្ឌលកុមារកំព្រា ស្រី្តមេម៉ាយ ជនពិការ ជនចាស់ជរា ឬបានជួយទុរគតជនដែលគ្មានឱកាសនៅក្នុងសង្គម? សម្ដេចថា រង្វាន់ និងប័ណ្ណសរសើរសម្តេចតេជោនាយករដ្ឋមន្រ្តី កំពុងរង់ចាំយុវជនគំរូ ចំនួន១០នាក់ នៅក្នុងការប្រកួតប្រជែងលើកទី៣នេះ។
សម្ដេចបញ្ជាក់បន្ថែមថា យុវជនជ័យលាភីទាំង១០នាក់ និងក្រុមគ្រួសារមិត្តភ័ក្តិ គឺត្រូវបានផ្តល់កិត្តិយសមកទទួលពានរង្វាន់ និងទស្សនាវិមានរាជរដ្ឋាភិបាលសន្តិភាពផងដែរ ហើយនេះ ជាឱកាសបញ្ចេញស្នាដៃសមត្ថភាពនៃអំពើល្អរបស់យុវជនយុវនារីគ្រប់រូប។ សូមផ្ញើជា វីដេអូ កំណាព្យ អត្ថបទ គំនូរ ឬចម្រៀង ដើម្បីចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ។
ដោយឡែក ចំពោះបេក្ខជន និងបេក្ខនារីដែលទទួលបានជ័យលាភី Top-10 លើកទី១ និងទី២ ត្រូវបានសម្ដេចបញ្ជាក់ថា គឺមិនមានសិទ្ធិចូលរួមប្រកួតប្រជែងទេ។ ព័ត៌មានបន្ថែមទំនាក់ទំនងតាមទូរស័ព្ទៈ 017-353-997 និង077-568-899៕
មតិយោបល់