ភ្នំពេញ: ខណៈដែលមន្ត្រីតុលាការមួយរូប បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា សាលាដំបូងរាជធានីភ្នំពេញ បានប្រគល់លិខិតកោះហៅទៅឲ្យលោក ប៉ែន ចំរ៉ុង ដើម្បីឲ្យលោកចូលខ្លួនមកបំភ្លឺផ្អែកតាម បណ្ដឹងសុំលែងភរិយាឈ្មោះ ភិន សុដាលីស នោះ តារារូបនេះនៅតែរក្សាជំហរ មិនធ្វើការបកស្រាយនោះឡើយ។
ភ្លាមៗបន្ទាប់ពីមានដំណឹងថាលោក ប៉ែន ចំរ៉ុង បានទទួលដីការកោះហៅ ភ្នាក់ងារ Post News បានទាក់ទងដោយផ្ទាល់ទៅកាន់លោក ប៉ែន ចំរ៉ុង ដើម្បីសុំការបញ្ជាក់ ប៉ុន្តែត្រូវលោកប្រាប់ថា លោកសុំមិនធ្វើការ បកស្រាយណាមួយនោះឡើយ។
លោកបានថ្លែងតាមទូរស័ព្ទថា «ចំពោះរឿងហ្នឹង ខ្ញុំសុំអត់បកស្រាយទេណា អរគុណដែលបានខលមកសួរ»។ នេះគឺជាចម្លើយមួយខ្លី តែបង្កប់នូវចម្ងល់យ៉ាងច្រើន ដែលធ្វើឲ្យគេពិបាកប៉ាន់ស្មានថា តើលោកនឹងអាចដោះស្រាយ ក្នុងពេលបំភ្លឺដោយទទួលយកការសម្រុះសម្រួល ឬនៅតែជម្នះលែងលះឲ្យបាន។
យ៉ាងណាក៏ដោយនៅថ្ងៃទី១២ ឧសភា នោះ លោកនឹងចូលខ្លួនទៅកាន់តុលាការ។ នេះបើយើងយោងតាមការបញ្ជាក់របស់មន្ត្រីតុលាការដែលបានប្រគល់ដីការកោះហៅឲ្យលោក ប៉ែន ចំរ៉ុង ដោយផ្ទាល់។
មន្ត្រីដដែលបញ្ជាក់ថា ដីការឲ្យចូលខ្លួននៅថ្ងៃទី១២ ឧសភា នោះ លោក ប៉ែន ចំរ៉ុង ទទួលហើយ ហើយ លោកក៏នឹងមកតាមការកោះហៅនោះដែរ ប៉ុន្តែសម្រាប់អ្នកស្រី ភិន សុដាលីស មិនទាន់បានទទួលនោះទេ ដោយសារតែការទំនាក់ទំនងមានភាពស្មគស្មាញ។
គួរបញ្ជាក់ថា ចាប់តាំងពីមានការបែកធ្លាយ ព័ត៌មានថាលោកលែងប្រពន្ធ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ដោយក្រុមអ្នកលេងហ្វេសប៊ុក និងមហាជនជាច្រើន ទទូចឲ្យឈប់គាំទ្រលោកនៅក្នុងជីវិតសិល្បៈ និងស្នើឲ្យបណ្ដាទូរទស្សន៍ទាំងអស់ បញ្ឈប់ការងារលោកជាពិធីករ ដើម្បីឲ្យលោកបាត់មុខពីការងារសិល្បៈនោះផង៕
មតិយោបល់