ព្រះវិហារ : សត្វរមាំងឈ្មោលមួយក្បាល ភ័យខ្លាចព្រានព្រៃ សម្លាប់ ប្រឹងរត់គេចចេញពីព្រៃ សម្បទានសេដ្ឋកិច្ច ដាំអំពៅ របស់ក្រុមហ៊ុនចិន ដើម្បីឲ្យអ្នកភូមិជួយការពារជីវិត ស្ថិតនៅភូមិឆែបកើតឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ កាលពីវេលាម៉ោង៤ និង៣០នាទី ថ្ងៃទី ០៤ ឧសភា ២០១៦ ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ១០០នាក់ រួមទាំង មន្ត្រីរដ្ឋបាលព្រៃឈើឆែប និងមន្ត្រីសង្កាត់រដ្ឋបាលប្រៃឈើកំពង់ ស្រទ្បៅម្លូរ ព្រៃប្រឹងព័ទ្ធចាប់ វាបាននៅក្រោយសាលាស្រុកឆែប ចម្ងាយប្រមាណ៤០០ម៉ែត្រប៉ុណ្ណោះ។
ប្រជាពលរដ្ឋរាយការណ៍ បានឲ្យដឹងថា កាលពីនៅសម្បូរព្រៃឈើ គ្មានសត្វព្រៃណា មួយរត់គេចចេញពីព្រៃ មកឲ្យ មនុស្សជួយនោះទេ ប៉ុន្តែមកដល់សម័យនេះ ព្រៃឈើដែលជាជម្រកដ៏សុខសាន្ត របស់វាត្រូវបានមនុស្សឈូសឆាយ សម្អាតព្រៃឈើ ដើម្បីយកផ្ទៃដីវិនិយោគដាំអំពៅអស់រាប់ម៉ឺនហិកតា ធ្វើឲ្យសត្វព្រៃទាំងអស់ កំពុងខ្វះទីជម្រកជ្រកកោន និងឈានទៅផុតពូជ អស់ថែមទៀត។
លោក វង្ស វិសិដ្ឋ នាយរងផ្នែករដ្ឋបាលព្រៃឈើឆែប បានឲ្យដឹង នៅរសៀលថ្ងៃទី០៥ ឧសភា ២០១៦ថា សត្វរមាំងឈ្មោល មួយក្បាលនេះ ទម្ងន់ប្រមាណ៤០គីទ្បូក្រាម វារត់ចេញពីដីព្រៃដាំអំពៅ ស្ថិតនៅភូមិឆែប ចូលក្នុងភូមិឲ្យមនុស្សជួយ កាលពីវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី០៤ ឧសភា ២០១៦។ ពេលអ្នកភូមិ ចាប់វាទុកហើយដោះលែងវាវិញ គឺវាមិនព្រមរត់ចូលព្រៃវិញទេ សង្ស័យវាភ័យខ្លាចហើយប្រឹងរត់គេចពីមនុស្សដែលចង់សម្លាប់វា។
លោក បន្តថា សត្វរមាំងដើរទៅណាតែងតែមានញីឈ្មោលហើយរមាំងញី សង្ស័យមនុស្សសម្លាប់វាបាត់ទៅហើយទើបអាឈ្មោលវារត់គេចចូលភូមិឲ្យមនុស្សជួយវា។ រមាំងឈ្មោលខាងលើវាត្រូវរបួសគ្រាំខ្លួនងើបដើរមិនរួចទេ នៅរសៀលថ្ងៃទី០៥ ឧ សភានេះ។
លោក ថ្លែងថា មន្ត្រីរដ្ឋបាលព្រៃឈើឆែប និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានឯកភាពគ្នាសម្រេចប្រគល់បន្តរមាំងមួយក្បាលនេះ ទៅឲ្យម្ចាស់សួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដើម្បីជួយយកចិត្តទុកដាក់ចិញ្ចឹមថែរក្សាវាឲ្យបានល្អ។ ពេលនេះវាកំពុងត្រូវការពេទ្យសត្វជំនាញមកចាក់ថ្នាំព្យាបាលវាជាមុនសិនព្រោះមិនទាន់ងើបដើររួចនៅទ្បើយទេ៕
មតិយោបល់