ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កិច្ចប្រជុំកំពូលយុវជនពិភពលោក ២០១៧ ៖ បរិស្ថានស្អាត ផ្ដើមចេញពីយុវជន

ភ្នំពេញ: «បរិស្ថានស្អាត គឺផ្ដើមចេញពីយុវជន» នេះជាប្រធានបទដែលបានលើកឡើងក្នុងកិច្ចប្រជុំកំពូលយុវជនពិភពលោក ២០១៧ (Global Youth Summit) ដែលបានរៀបចំនៅទីស្ដីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។ កិច្ចប្រជុំនេះ រៀបចំដោយមានកិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយមូលនិធិ Hemispheres មានការចូលរួមពីយុវជនមកពី៨ប្រទេស នៃសមាជិកអាស៊ាន រួមទាំងប្រទេសអូស្រ្តាលី និងចិន។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍អ្នកដឹកនាំជាយុវជន និងជួយជំរុញការរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់បរិស្ថាន និងសុខមាលភាពសង្គម។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានលើកឡើងក្នុងពិធីនេះថា ការជួបជុំរវាងយុជនកម្ពុជា និងយុវជនដែលមកពីបណ្តាប្រទេសសមាជិកអាស៊ាននេះ គឺជាឱកាសដ៏ល្អមួយដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាការចូលរួមនៅក្នុងការលើកកម្ពស់ការអប់រំទាក់ទងវិស័យបរិស្ថាន ផ្សព្វផ្សាយពីវប្បធម៌ សក្តានុពលពីប្រទេសមួយទៅប្រទេសមួយ និងដំណើរការសកម្មភាពអភិវឌ្ឍន៍សង្គម និងបរិស្ថានឲ្យ​មាននិរន្តរភាពផងដែរ។

កិច្ចប្រជុំកំពូលយុវជនពិភពលោក (Global Youth Summit) គឺជាកម្មវិធីសកលសម្រាប់យុវជន ដែលមានអាយុចន្លោះពី១១ ដល់២១ឆ្នាំ ជួបជុំគ្នា ដើម្បីរៀបចំបណ្តាញពិភាក្សា និងផ្តួចផ្តើមគំនិតច្នៃប្រឌិត សម្រាប់ដំណោះស្រាយបញ្ហាប្រកបដោយនិរន្តរភាពក្នុងការការពារកុមារ ទឹកសាប និងបរិស្ថានធម្មជាតិពីការ បំផ្លិចបំផ្លាញ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលយុវជនពិភពលោក ២០១៧ (GYS)នេះ មានប្រធានបទរួម គឺការគ្រប់គ្រងសំណល់ ធ្វើយ៉ាងណាដើម្បីជំរុញយុវជនឲ្យយល់ដឹងអំពីការបញ្ចេញកាបូនរបស់ពួកគេ និងផ្តួចផ្តើមរួមគ្នាដោះស្រាយបញ្ហាបរិស្ថាន ដែលកម្មវិធីនេះ នឹងធ្វើឡើងចំនួនពីរលើក គឺលើកទី១ ធ្វើនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២-១៤ ខែមករា ឆ្នាំ២០១៧ និងលើកទី២ ធ្វើនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣-១៥ ខែកក្កដា ឆ្នាំ២០១៧៕

មតិយោបល់