ភ្នំពេញៈ បច្ចុប្បន្នបញ្ហាកកស្ទះចរាចរណ៍កំពុងក្លាយជាកង្វល់យ៉ាងខ្លាំងសម្រាប់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែយ៉ាងណា ចំនួននៃអ្នកប្រើប្រាស់រថយន្ត និងម៉ូតូហាក់មិនថមថយសោះ ខណៈដែលចំនួនប្រជាជនមកតាំងទីរស់នៅ និងធ្វើការនៅរាជធានីមួយនេះ ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ជាក់ស្ដែង ក្នុងឆ្នាំ២០១៦កន្លងទៅ ចំនួនយានយន្តដែលបានចុះបញ្ជីត្រឹមត្រូវ និងកំពុងចរាចរនៅរាជធានីភ្នំពេញ មានរថយន្ត សរុបចំនួន ៤៤២,៩៧២គ្រឿង និងម៉ូតូ សរុបចំនួន ១,៦០១,៤៥១គ្រឿង។ នេះបើយោងតាមការបូកសរុបស្ថិតិយានយន្តក្នុងរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលចេញផ្សាយនៅមុននេះ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
យ៉ាងណា ស្ថិតិខាងលើនេះ មិនទាន់គិតបញ្ចូលចំនួនរថយន្ត និងទោចក្រយានយន្តដែលមិនបានចុះបញ្ជី ដូចជា ខម ឬ នប ឡើយ ប៉ុន្តែក៏បានធ្វើចរាចរផងដែរ នៅក្នុងរាជធានីភ្នំពេញ។
គួរជម្រាបថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មានគម្រោងដំឡើងភ្លើងស្តុបចំនួន១០០ទីតាំង ក្នុងរាជធានីភ្នំពេញ បន្ថែមទៀតផងដែរ៕





មតិយោបល់