ព័ត៌មានជាតិ

ដោយសារគ្រឿងញៀន វាយធ្វើបាបប្រពន្ធ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញៈ បុរសម្នាក់ ត្រូវបានស្ត្រីជាប្រពន្ធប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ក្រោយពីបុរសជាប្តីរូបនេះ បានប្រើប្រាស់គ្រឿងញៀន ហើយតែងតែបង្កហិង្សាវាយធ្វើបាបប្រពន្ធស្ទើរតែរាល់ថ្ងៃ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិប្រវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនបង្កជាប្ដីមានឈ្មោះ ប៉ិច ចន្នី អាយុ ៤១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ចំណែកប្រពន្ធជាជនរងគ្រោះមានឈ្មោះ មឿន ស្រីគា ភេទស្រី អាយុ៣៨ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ ដោយមានកូនស្រី ៤ នាក់ នៅក្នុងបន្ទុកគ្រួសារ។

បើតាមការបញ្ជាក់ពីស្ដ្រីរងគ្រោះជាប្រពន្ធបានឲ្យដឹងថា ពួកគាត់បានរៀបការជាមួយគ្នា ជាយូឆ្នាំមកហើយ រហូតបានកូនស្រី៤នាក់ថែមទៀត។ លុះមួយរយៈពេលចុងក្រោយនេះ ប្តីរបស់គាត់បានចូលធ្វើការជាសន្ដិសុខ ហើយគាត់បានប្រើប្រាស់នូវគ្រឿងញៀន រហូតប្រែក្លាយពីមនុស្សល្អ ទៅជាមនុស្សដែលឃោឃៅតែងប្រើអំពើហិង្សាលើរូបគាត់ស្ទើរគ្មានថ្ងៃលួស។

ស្ត្រីរងគ្រោះបានបន្ដទៀតថា ដោយសារតែទ្រាំនូវទង្វើរបស់ប្ដីរបស់គាត់មិនបាន ទើបគាត់សម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ដល់រូបគាត់តែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹងខាងសមត្ថកិច្ចបានចុះដល់ផ្ទះស្ដ្រីរងគ្រោះខាងលើ ហើយបានឃាត់ខ្លួននូវបុរសជាប្ដីយកមកបុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/HeBdyvXeu3w

មតិយោបល់