កូរ៉េខាងជើងៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោក នឹងមិនប្រើអាវុធនុយក្លេអ៊ែរទេ ដរាបណាអធិបតេយ្យភាពរបស់ខ្លួន មិនត្រូវបានរំលោភ ដោយប្រទេសដទៃ ជាមួយនឹងអាវុធនុយក្លេអ៊ែរ ដែលនេះជាឆន្ទៈ ក្នុងការឆ្ពោះទៅរកទំនាក់ទំនងធម្មតាជាមួយរដ្ឋ ដែលធ្លាប់ជាសត្រូវ។ នេះបើយោងតាមរយៈ សារព័ត៌មានសិង្ហបុរី ចេញផ្សាយនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦។
កូរ៉េខាងជើងនឹងបំពេញកាតព្វកិច្ចរបស់ខ្លួន សម្រាប់ការស្មោះត្រង់ មិនឲ្យមានការរីកសាយអាវុធនុយក្លេអ៊ែរ និងការព្យាយាម សម្រាប់ការបញ្ចប់ការផលិតអាវុធនុយក្លេអ៊ែរ នៅក្នុងពិភពលោក នេះបើតាមសេចក្ដីថ្លែងរបស់លោក គីម នៅក្នុងរបាយការណ៍ របស់សភាគណបក្សពលករ ដែលកំពុងកាន់អំណាចរបស់ខ្លួន (WPK) ដែលបានបើកកាលថ្ងៃសុក្រកន្លងទៅ។
សូមជម្រាបថា មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកសមាជគណបក្ស ពលករកូរ៉េជាផ្លូវការ ដែលមិនធ្លាប់កើតមាន ក្នុងរយៈពេល ៣៦ឆ្នាំ ចំពោះមុខមន្ត្រីកំពូលៗគ្រប់ជាន់ថ្នាក់ ដែលមានចំនួនរាប់ពាន់នាក់។
គួរបញ្ជាក់ផងដែរ បក្សពលករ និងរដ្ឋាភិបាលកូរ៉េខាងជើង នឹងធ្វើឲ្យប្រសើរទ្បើង នូវទំនាក់ទំនងជាប្រក្រតី ជាមួយបណ្តាប្រទេស ដែលគោរពអធិបតេយ្យភាពរបស់ខ្លួន ដើម្បីឆ្ពោះទៅរកមិត្តភាព បើទោះបីជាពួកគេ បានជំទាស់នឹងវា នៅក្នុងពេលកន្លងមកក៏ដោយ នេះបើតាមការដកស្រង់សម្តី របស់លោកគីមបានថ្លែង នៅក្នុងកិច្ចប្រជុំ៕
មតិយោបល់