ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គ្រោះទឹកជំនន់ និងរអិលបាក់ដីវាយប្រហារប្រទេសឥណ្ឌូនេស៊ី បណ្ដាលឲ្យមនុស្ស ១៣ នាក់ស្លាប់ និងបាត់ខ្លួន

ឥណ្ឌូនេស៊ីៈ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយ បានឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំង និងរអិលបាក់ដី នៅខេត្ត West Java ភាគខាងលិចប្រទេសឥណ្ឌូនេស៊ីពេញមួយយប់ រហូតដល់ព្រឹកថ្ងៃពុធនេះ បានបណ្ដាលឲ្យមនុស្ស ១០ នាក់ស្លាប់ ៣០ នាក់រងរបួស ខណៈមនុស្ស ៣នាក់កំពុងបាត់ខ្លួន និងរាប់រយនាក់ផ្សេងទៀត បានផ្លាស់ប្តូរទីលំនៅដ្ឋាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

គ្រោះទឹកជំនន់នេះ បានកើតទ្បើងវេលាម៉ោងប្រហែល ១ ទៀបភ្លឺ (ម៉ោងក្នុងទីក្រុងហ្សាកាតា) ស្ថិតនៅតាមតំបន់មួយចំនួនក្នុងស្រុក Garut បន្ទាប់ពីទន្លេពីរជន់ហៀរ ដោយភ្លៀងធ្លាក់ខ្លាំង។

បើតាមអ្នកនាំពាក្យ បានឲ្យដឹងបន្ថែមថា មនុស្ស ៨ នាក់ស្លាប់ ៣០ នាក់រងរបួស ក្នុងគ្រាដែលម្នាក់ទៀត បានបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់។

នៅក្នុងស្រុក Sumedang មានករណីរអិលបាក់ដី បានវាយប្រហារផ្ទះពីរខ្នង បណ្ដាលឲ្យមនុស្ស ២ នាក់ស្លាប់ និង ២នាក់ផ្សេងទៀតបាត់ខ្លួនកាលពីថ្ងៃអង្គារ។

មកទល់ពេលនេះ ប្រតិបត្ដិការស្វែងរក សម្រាប់អ្នកបាត់ខ្លួន ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់ ដោយទាហាន ប៉ូលិស មកពីទីភ្នាក់ងារគ្រោះមហន្តរាយ និងការិយាល័យស្វែងរក និងសង្គ្រោះក្នុងស្រុក កំពុងដំណើរការ៕

flood indonesiaindonesia flood

មតិយោបល់