ភ្នំពេញៈ នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាកសិករ និងពាណិជ្ជករ សូមកុំរកស៊ីលក់ផ្លូវលើផលិតផលកសិកម្មឲ្យសោះ ព្រោះវិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល និងជាអាយុជីវិតរបស់ប្រជាកសិករទូទាំងប្រទេស ដែលសម្ដេចត្រូវយកចិត្តទុកដាក់ជំរុញវិស័យនេះឲ្យបានរីកចម្រើន។
ទំព័រហ្វេសប៊ុកសម្ដេច ចេញផ្សាយនៅល្ងាចនេះ បានឲ្យដឹងថា “ច្បាស់ណាស់វិស័យកសិកម្ម គឺអាទិភាពមួយរបស់រាជរដ្ឋាភិបាល និងជាអាយុជីវិតរបស់កសិករទូទាំងប្រទេស ដែលខ្ញុំត្រូវតែយកចិត្តទុកដាក់ជំរុញវិស័យនេះឲ្យរីកចម្រើនទាំងការដាំដុះស្រូវ ក៏ដូចជាការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រី និងធនធានជលផលជាច្រើនទៀត ព្រមទាំងការដាំដើមឈើឲ្យបានច្រើនឡើងវិញ និង អភិរក្សថែរក្សាធនធានរុក្ខជាតិ និងព្រៃឈើនៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ ខ្ញុំបន្តខិតខំពង្រឹងសហប្រតិបត្តិការល្អជាមួយមិត្តចិន និងបណ្តាប្រទេសនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជាឲ្យកាន់តែច្រើនឡើង និងជាមួយបណ្តាប្រទេសជាង៦០ថែមទៀត ដើម្បីបង្កើនចំណូលកសិករឲ្យមានជីវភាពធូរធារ។ នៅរសៀលថ្ងៃនេះផងដែរ ខ្ញុំមានកិត្តិយសបានផ្តល់ពានរង្វាន់កសិកម្មដល់កសិករឆ្នើមទូទាំងប្រទេសចំនួន ៦នាក់។ ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវបងប្អូនកសិករនិងពាណិជ្ជករសូមកុំរកស៊ីលក់ផ្លូវលើផលិតផលកសិកម្មឲ្យសោះ។”
សម្ដេចក៏បានអំពាវនាវដល់ក្រសួង មន្ទីរ ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមជួយគាំទ្រ សម្រួលគ្រប់យ៉ាង និងលើកទឹកចិត្តបងប្អូនកសិករ ក៏ដូចជាពាណិជ្ជករ និងវិនិយោគគិនទាំងឡាយ ដែលកំពុងវិនិយោគ ដើម្បីយើងរួមគ្នាជំរុញវិស័យកសិកម្មឲ្យកាន់តែឆាប់រីកចម្រើន។
បន្ថែមលើសពីនេះទៀត សម្ដេចថា រដ្ឋមន្រ្តីកសិកម្មថ្មី ត្រូវយកចិត្តទុកដាក់ដោះស្រាយ និងជំរុញវិស័យកសិកម្មឲ្យកាន់តែរីកចម្រើនទៅមុខ ហើយអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សហគមន៍ និងសកម្មជនដែលស្រឡាញ់ព្រៃឈើចូលរួមថែរក្សាការពារព្រៃឈើជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា និងរាយការណ៍មករាជរដ្ឋាភិបាលជាបន្ទាន់ ប្រសិនបើមានជនល្មើសទាំងឡាយណាបន្តកាប់ព្រៃកាប់ឈើខុសច្បាប់តទៅទៀត៕
មតិយោបល់