ព័ត៌មានជាតិ

ផឹកស្រវឹងជេរប្រពន្ធ មានអីខាងស្រីខឹងទាញដំបងសំពងបែកក្បាល!

កណ្តាលៈ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ក្រោយពីបានប្រើហិង្សាវាយទៅលើប្តីបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៤០នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សម្បតិ្ត ចក់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ(របួសក្បាល)។ ចំណែកជនសង្ស័យមានឈ្មោះ ចាន់ សុខា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបររើសអេតចាយ (ឃាត់ខ្លួន) ។ ដកហូតបាន ដំបងឈើមូល១ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៨និង១០នាទី ជនរងគ្រោះ និង ឈ្មោះ វ៉ាន់ វិត ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយ (ប្តីជនសង្ស័យ) បាននាំគ្នាទិញស្រាយកមកអង្គុយផឹកនៅក្បែរទំនប់ដូនស ផឹកអស់ស្រា សចំនួន២លីត្រ លុះដល់ម៉ោង៥និង៥នាទីល្ងាចក៏ស្រាប់ តែជនសង្ស័យបានជិះកង់មកដល់កន្លែងជនរងគ្រោះផឹកស្រា ឃើញដូច្នេះជនរងគ្រោះបានស្រែកជេរទៅជនសង្ស័យ ជនសង្ស័យទ្រាំមិនបានក៏យកដំបងឈើមូលវាយទៅលើក្បាលជនរងគ្រោះចំនួនមួយដំបងបណ្តាលឲ្យបែកហូរឈាម ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាល
នៅមន្ទីរពេទ្យជ័យជំនះ ។

ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាងមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរនិងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់