ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថា កម្ពុជា មិនបំបិទសិទ្ធិសេរីភាពរបស់អង្គការ សមាគកម ចូលរួមក្នុងការអភវឌ្ឍន៍នោះទេ ប៉ុន្តែករណីអង្គការ ឬសមាគម មិនគោរពលក្ខ័ន្តិកៈ បទបញ្ញត្តិរបស់ខ្លួននោះទេ អង្គការសមាគម អាចរងការប្ដឹងឡើងទៅតុលាការ ខណៈច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានប្រកាសឲ្យអនុវត្ត។
គេហទំព័រនគរបាលជាតិ ចេញផ្សាយនៅថ្ងៃនេះ ថា នៅក្នុងអង្គសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការធ្វើប្រតិបត្តិការគ្មានការអនុញ្ញាតក្នុងវិស័យមូលបត្រ និងការផ្សព្វផ្សាយច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងកំឡុងពេលកម្ពុជា មិនទាន់មានច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺមានអង្គការសមាគម ហើយក៏មានក្រុមហ៊ុនមួយចំនួនបានធ្វើសកម្មភាពផ្ទុយពីលក្ខ័ន្តិកៈ បទបញ្ញត្តិរបស់ខ្លួន ឆបោក ប្រជាពលរដ្ឋដោយជ្រកក្រោមស្លាកជាសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ករណីនេះ សម្ដេចក្រឡាហោម បានស្នើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការពិនិត្យតាមដានសកម្មភាព និងធ្វើស្ថិតិរបស់អង្គការសមាគមឡើងវិញ ដើម្បីងាយចាត់វិធានការ និងគ្រប់គ្រងឲ្យបានត្រឹមត្រូវ ពិសេសគ្រប់គ្រងអង្គការ សមាគម ដែលធ្វើសកម្មភាពផ្ដល់ប្រាក់កម្ចីខុសច្បាប់ឲ្យទៅប្រជាពលរដ្ឋ។
គួរជម្រាបថា ចាប់ពីឆ្នាំ១៩៩៤ ដល់ខែឧសភា ឆ្នាំ២០១៦នេះ មានអង្គការ សមាគមជិត៤៨០០ ក្នុងនោះមានសមាគមជិត១៩០០ អង្គការមិនមែនរដ្ឋាភិបាលជិត១៩០០ បានសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃរួចរាល់ និងមានអង្គការអន្តរជាតិប្រមាណជិត៨០០ទៀត បានចុះបញ្ជីជាមួយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
មតិយោបល់