ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សាលាក្រុងភ្នំពេញ ជូនដំណឹងពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសម្រាប់ព្រះរាជពីធីដង្ហែព្រះសារីរិកធាតុនៅថ្ងៃស្អែក

ភ្នំពេញៈ សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ បានជូនដំណឹងដល់សាធារណជន និងម្ចាស់អាជីវកម្មទាំងអស់ពីការរៀចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការកាត់ខ្សែកាបកាត់ទទឹងផ្លូវ តាមតម្រាយផ្លូវសម្រាប់ព្រះរាជពិធីដង្ហែព្រះសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ ទៅតម្កល់នៅព្រះមហាសត្យមុនីចេតីយ៍អដ្ឋរស្ស(ភ្នំឧតុង្គ) ចាប់ពីសង្កាត់ស្រះចក ខណ្ឌដូនពេញ រហូតដល់ភ្នំអដ្ឋរស្ស(ភ្នំឧតុង្គ) នៅថ្ងៃទី២០ ខែឧសភាស្អែកនេះ។

សេចក្ដីជូនដំណឹងបានឲ្យដឹងថា ព្រះរាជពិធីដង្ហែព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធជាអម្អាស់បរមគ្រូនៃយើង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ពីព្រះបរមរាជវាំងទៅតម្ដល់រក្សាទុកនៅព្រះមហាសក្យមុនីចេតីយ៍អដ្ឋរស្ស(ភ្នំឧតុង្គ)វិញ ដោយត្រូវដង្ហែចេញពីព្រះបរមរាជ្យវាំងតាមមហាវិថីព្រះនរោត្តម វិថីព្រះអង្គឌួង មហាវិថីព្រះមុនីវង្ស ឆ្លងស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៦ ឆ្លងស្ពានព្រែកតាមាក់ និងស្ពានព្រែកក្ដាម ឆ្ពោះទៅកាន់ព្រះមហាសត្យមុនីចេតីយ៍ភ្នំអដ្ឋរស្ស(ភ្នំឧតុង្គ)។

ដើម្បីចូលរួមសហការរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយផ្លូវសាធារណៈ ក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរណ៍នៅពេលដង្ហែក្បួនព្រះសារីរិកធាតុ និងរួមចំណែកលើកកម្ពស់សោភ័ណភាពក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុមការងារចម្រុះសាលារាជធានីភ្នំពេញ នឹងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងកាត់ទម្លាក់ខ្សែកាបតាមតម្រាយផ្លូវដង្ហែក្បួនខាងលើ ដើម្បីឲ្យផ្លូវនេះបានធំទូលាយ និងជួយសម្រួលដល់លំហូរចរាចរណ៍បានល្អនាពេលខាងមុខនេះ។

សាលារាជធានីភ្នំពេញ ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅដ្ឋាន និងទីតាំងអាជីវកម្ម ក្រុមហ៊ុន អង្គភាពរដ្ឋទាំងអស់ ដែលមានបណ្ដោយខ្សែកាបកាត់ទទឹងផ្លូវ និងដាក់តាំងលក់រថយន្ត គ្រឿងបន្លាស់រថយន្ត ម៉ូតូ កង់ សម្ភារសំណង់ ទំនិញផ្សេងៗ និងតសំយ៉ាបលយមកលើផ្លូវ តាមតម្រាយដង្ហែក្បួន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រហូតដល់ទីតាំងតម្កល់នៅភ្នំអដ្ឋរស្ស យកចិញ្ចើមផ្លូវសាធារណៈ ត្រូវរួសរាន់រៀបចំ រុះរើសំយ៉ាបដែឡធ្វើលយមកលើផ្លូវចេញ ដោយស្ម័គ្រចិត្តឲ្យអស់លើចិញ្ចើមផ្លូវ និងចូលរួមសហការ បង្កលក្ខណៈងាយស្រួលដល់ពិធីដង្ហែក្បួនព្រះសារីរិកធាតុឲ្យរលូនទទួលបាននូវលទ្ធផលល្អប្រសើរ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ៕

13254329_1035457039824034_6412336007285857154_n

មតិយោបល់