ព្រះសីហនុៈ យុវជនម្នាក់ក្នុងចំណោម៣នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវបានក្រុមយុវជនមួយក្រុមផ្សេងទៀតមានគ្នា៣នាក់ ដូចគ្នាវាយមួយកែវស្រា ខណៈពេលដែលក្រុមយុវជនរងគ្រោះបានសំឡឹងមើលមុខក្រុមយុវជនបង្ក។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី១៨ឧសភា២០១៦ ក្នុងហាងខារាអូខេមួយកន្លែងយីហោ ធីតា ស្ថិតក្នុងក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
យោងតាមប្រភពពីឈ្មោះ សិទ្ធ កុសល អាយុ១៩ឆ្នាំ ជាមិត្តភ័ត្រជនរងគ្រោះបានរៀបរាប់ថា យុវជនរងគ្រោះមានឈ្មោះ វ៉ាន់ ភេទ ប្រុស អាយុប្រហែល១៩ឆ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់លេខ៣ក្រុងព្រះសីហនុ មានមុខរបរ ជាងប៊ៀកថ្នាំ ត្រូវបានយុវជនមួយក្រុមផ្សេងទៀត ដែលអង្គុយផឹកស្រាតុក្បែរគ្នា ក្នុងហាងខារាអូខេ យីហោ ធីតា ដោយពុំដឹងខ្លួន។
ប្រភពដដែលបានបញ្ជាក់ទៀតថា នៅមុនកើតហេតុ ខ្លួននិងមិត្តភ័ត្រម្នាក់ទៀតឈ្មោះ យ៉ឹង មករា រួមជាមួយយុវជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងមកម្តុំក្រោយពេទ្យ ដើម្បីច្រៀងខារាអូខេ ហើយនៅពេលកំពុងផឹកយុវជនរងគ្រោះបានមើលមុខ ក្រុមយុវជនបង្ក ហើយបានផឹកស្រាបៀរ និងច្រៀងធម្មតា ក្រោយមកស្រាប់តែក្រុមជនបង្កបានកាន់កែវស្រាដើរសំដៅមកកាន់តុរបស់ពួកខ្លួន នៅពេលនោះ ពួកខ្លួនស្មានតែគេមកស៊ុជល់កែវលក្ខណៈមិត្តភាពផ្ទុយទៅវិញនៅពេលមកដល់ជនបង្កម្នាក់ក្នុងចំណោម៣នាក់ បានយកកែវស្រាបៀរមកវាយលើយុវជនរងគ្រោះតែម្តង ឃើញដូចនោះពួកខ្លួនក៏បានរត់ចែកផ្លូវគ្នាយករួចតែខ្លួន រួចទៅប្តឹងប្រជាការពារភូមិក្បែរនោះ ភ្លាមនោះ ក្រុមយុវជនបង្កបានជិះម៉ូតូចេញទៅក្នុងបំណងគេចខ្លួន តែត្រូវកម្លាំងប្រជាការពារភូមិរួមជាមួយសមត្ថកិច្ចប៉ូលិសតាមចាប់បានភ្លាមៗដែរ ឯយុវជនរងគ្រោះត្រូវបានខ្លួនដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកចំការ។
ដោយឡែក បើយោងតាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍បង្ករបួសស្នាមនៅចំនុចកើតហេតុ ខាងលើ កំលាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ រួមជាមួយកំលាំងប្រជាការពារភូមិសហការណ៍ជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌបានធ្វើការប្រដេញមុខសញ្ញាជនបង្ក រហូតឃាត់ខ្លួនបានមនុស្សចំនួន០៣នាក់ ដែលជាក្រុមជនបង្ករបួសស្នាម បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ត។
យុវជនទាំង០៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានទី១ ឈ្មោះ ចាន់ មន្នី ភេទ ប្រុសអាយុ២០ឆ្នាំ មានមុខរបរកម្មករោងចក្រញូស្តារ ស្នាក់នៅបន្ទប់ជួល មុខរោងចក្រញូស្តាស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានស្រុកកំណើតនៅស្រុកដូនកែវ ខេត្តតាកែវ ទី២ ឈ្មោះអ៊ិត រតនី ភេទប្រុស អាយុ២៧ឆ្នាំ មានមុខ របរកម្មករោងចក្រញូស្តារ ស្នាក់នៅបន្ទប់ជួលមុខរោងចក្រញូស្តា ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានស្រុកកំណើត ស្រុកកំពង់ត្រាច ខេត្តកំពត និង ទី៣ឈ្មោះ សយ ណូវណ្ណ ភេទប្រុស អាយុ២៤ឆ្នាំមានមុខរបរកម្មករោងចក្រញូស្តារស្នាក់នៅបន្ទប់ជួលមុខរោងចក្រញូស្តាស្ថិតក្នុងភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុ មានស្រុកកំណើត ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕
មតិយោបល់