ភ្នំពេញៈ ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ចំនួន៣នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចកម្ពុជា អះអាងថា កំពុងស្វែងរកចាប់ខ្លួន បន្ទាប់ពីបក្ខពួក៥នាក់ ត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗនេះ។ នេះជាការអះអាងរបស់នាយឧត្តមសេនីយ៍ មាស វរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នាយឧត្តមសេនីយ៍ មាស វរិទ្ធ ថ្លែងប្រាប់ Post News នៅព្រឹកថ្ងៃទី២០ ខែឧសភានេះថា នៅមានសេសសល់ឧក្រិដ្ឋជន ៣នាក់ផ្សេងទៀត អាចជាបក្ខពួករបស់មេខ្លោងឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិកូរ៉េ ដែលត្រូវសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនកាលពីថ្មីៗនេះ ហើយកម្ពុជា មានភារកិច្ចសហការជាមួយសមត្ថកិច្ចកូរ៉េខាងត្បូង ក្នុងប្រតិបត្តិការតាមចាប់ខ្លួនពួកគេ។ លោកបញ្ជាក់ថា កាលពីកន្លងទៅ សមត្ថកិច្ចបានចាប់ខ្លួនឧក្រិដ្ឋជន៤នាក់ បញ្ជូនទៅប្រទេសកូរ៉េ រួចមកហើយ ហើយកាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឧក្រិដ្ឋជនទី៥ ក៏ត្រូវបានចាប់ខ្លួនៅក្នុងខណ្ឌឫស្សីកែវ។
ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន ក៏បានថ្លែងប្រាប់ Post News នៅព្រឹកនេះដែរថា ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនទី៥ ដែលមាននិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ (Interpol) មានប្រទេសជាង១០០ កំពុងតាមស្វែងរកចាប់ខ្លួននោះ មានឈ្មោះ BAEK Seung Joon ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិកូរ៉ខាងត្បូង កាន់លិខិតឆ្លងដែនលេខ GG0365074។ ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន BAEK Seung Joon ត្រូវកម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួន កាលពីវេលាម៉ោង៥៖១៧នាទី ល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចទីលានហាត់វាយកូនគោល “City Golf” ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
គួរជម្រាបថា ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនបីប្រទេស រួមមាន កូរ៉េ ចិន និងកម្ពុជា ចំនួន៨នាក់ ត្រូវបានតុលាការប្រទេសកូរ៉េកាត់ទោសកំបាំងមុខ ហើយចេញនិវេទន៍ក្រហមតាមចាប់ខ្លួនដោយនគរបាលអន្តរជាតិ។ រហូតមកដល់ពេលនេះ ឧក្រិដ្ឋជន៥នាក់ ត្រូវបានចាប់ខ្លួន ហើយនៅសេសសល់៣នាក់ផ្សេងទៀត សមត្ថកិច្ចកម្ពុជា កំពុងបន្តតាមស្វែងរកចាប់ខ្លួន។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ មាស វរិទ្ធ៕
មតិយោបល់