មីយ៉ាន់ម៉ាៈ បើយោងតាមរបាយការណ៍ផ្លូវការនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា អាជ្ញាធរក្នុងតំបន់ Mandalay របស់ប្រទេសភូមា បានបញ្ជាឱ្យបង្រ្កាបទៅលើគ្រឿងញៀនណាកូទីន និងការលេងល្បែងនៅក្នុងតំបន់ចំនួនពីរ គឺទីក្រុង Mandalay និងទីក្រុង Pyin Oo Lwin ដែលវាជាផ្នែកមួយនៃការចាប់ផ្តើមបោសសំអាតរយៈ១០០ថ្ងៃប៉ុណ្ណោះ របស់រដ្ឋាភិបាលថ្មី ចាប់តាំងពីចូលកាន់តំណែងរបស់ខ្លួន។
លោក Han Htun មេប៉ុស្តិ៍ប៉ូលិសនៅតំបន់ Mandalay បានលើកឡើងថា ការចាប់ខ្លួនជនល្មើសដែលធ្វើសកម្មភាពជួញដូរគ្រឿងញៀននិងការលេងល្បែងស៊ីសង កំពុងត្រូវបានគេធ្វើឡើងជារៀងរាល់ថ្ងៃ។ ការបង្ក្រាបនេះ នឹងមានរយៈពេលរហូតដល់ថ្ងៃ០៨ ខែសីហា។ សាធារណៈជនបានឆ្លើយតបថា ការចាប់ផ្តើមបោសសំអាតរយៈពេល ១០០ថ្ងៃ គឺកំពុងមានផលប៉ះពាល់ជាវិជ្ជមាន។
កាលពីខែមីនា អាជ្ញាធររឹបអូសយកគ្រឿងញៀនណាកូទីនជាច្រើន ដែលវាជាកំណត់ត្រាមួយនៅក្នុងទីក្រុងនេះ ដែលមានតម្លៃ ៣០ពាន់លានក្យាត់ ស្មើនឹង ២៤,៥លានដុល្លារសហរដ្ឋអាមេរិក។ ការរឹបអូសនេះ ត្រូវបានធ្វើឡើងក្នុងពេលដែលស្វែងរកឃើញនៅក្នុងឡាំងទំនិញកុងតេណ័រ នាទីក្រុង Pyigyidagun។ ការរឹបអូសយកគ្រឿងញៀនធំបំផុតនៅក្នុងតំបន់នេះបាននាំឱ្យមានការចាប់ខ្លួនជនប្រព្រឹត្តការជួញដូរចំនួនបីនាក់ ជាបន្តបន្ទាប់។ នាយករដ្ឋមន្ត្រីប្រចាំតំបន់ Mandalay លោក U Zaw Myint Muang បានអំពាវនាវជាសាធារណៈ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការសម្រាប់ការផ្លាស់ប្តូរបញ្ហាខាងលើនេះ។
ស្ថិតិផ្លូវការបានបង្ហាញថា ប្រទេសមីយ៉ាន់ម៉ា បានលាតត្រដាងឲ្យឃើញជាសាធារណៈ ទាក់ទងនឹងគ្រឿងញៀនក្នុងឆ្នាំ២០១៥ មាន ៦.៤០០ករណី ការចាប់ខ្លួនជនល្មើស ៩.១៨៨នាក់ ទន្ទឹមនឹងនេះដែរ អាជ្ញាធរក្នុងតំបន់យ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ាត្រូវបានពង្រឹងកម្លាំងប៉ូលិស ដើម្បីបង្ក្រាបអំពើហិង្សានិងឧក្រិដ្ឋកម្មនៅក្នុងទីក្រុងពាណិជ្ជកម្មមួយនេះផងដែរ។
កម្មវិធីបើកយុទ្ធនាការ ១០០ថ្ងៃនេះ វាគឺជាផ្នែកមួយរបស់រដ្ឋាភិបាលក្នុងតំបន់ដែលមានគោលបំណងដើម្បីធានាឱ្យបាននូវនីតិរដ្ឋ និងការកាត់បន្ថយបទល្មើស នៅក្នុងទីក្រុងយ៉ាំងហ្គោន។ លោកនាយករដ្ឋមន្ត្រី U Phyo Min Thein បានអំពាវនាវឱ្យមានការបង្កើតយន្តការរដ្ឋបាល ដែលមានប្រសិទ្ធិភាពដើម្បីប្រយុទ្ធប្រឆាំងនឹងវត្តមានរបស់ក្រុមក្មេងទំនើង នៅតាមតំបន់មួយចំនួននៃតំបន់នេះ ដោយសន្យាថា នឹងលុបបំបាត់ក្រុមដែលគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ និងធ្វើឱ្យការគំរាមកំហែងសម្លាប់ប៉ូលិស ជាដើម។
សូមជម្រាបថា ចាប់តាំងពីការចាប់ផ្តើមបើកយុទ្ធនាការ ១០០ថ្ងៃ ចាប់តាំងពីថ្ងៃទី១ ឧសភា នៅទីក្រុង Yangon សរុបចំនួន ៤៩៥ករណី រួមទាំងករណីនៃការលេងល្បែង ៥១ និង ៦៣ ករណីនៃគ្រឿងញៀន ត្រូវបានដាក់បណ្តឹងនិងជនសង្ស័យចំនួន ៧០នាក់ ត្រូវបានចាប់ខ្លួនមកទល់ពេលនេះ៕
មតិយោបល់