ព័ត៌មានអន្តរជាតិ

ហ្វីលីពីន កំពុងប្រឈមនឹងការអំពាវនាវឲ្យមានការស៊ើបអង្កេតរបស់អន្តរជាតិ ទាក់ទងនឹងសង្គ្រាមបង្ក្រាបថ្នាំញៀន

ហ្វីលីពីនៈ ក្រុមសកម្មជនក្នុងប្រទេស បាននិយាយថា បណ្ដាប្រទេសជាង ២០ បានអំពាវនាវជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ចំពោះការសម្លាប់មនុស្សរាប់ពាន់នាក់ នៅក្នុងសង្គ្រាមបង្ក្រាបថ្នាំញៀន របស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។

ដោយក្រុមសកម្មជន បាននិយាយថា ប្រទេសអ៊ីស្លង់ បានបញ្ជូនសេចក្តីព្រាងលើដំណោះស្រាយ ដែលគាំទ្រភាគច្រើនដោយបណ្ដារដ្ឋអ៊ឺរ៉ុប។ សេចក្តីព្រាងនេះ មានខ្លឹមសារជំរុញឲ្យរដ្ឋាភិបាលហ្វីលីពីន រារាំងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ហើយវាក៏ជាលើកដំបូង ដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវបានស្នើឲ្យមានការដោះស្រាយវិបត្តិមួយនេះ។

រដ្ឋាភិបាលលោក Duterte បានលើកទ្បើងថា មានអ្នកជួញដូរគ្រឿងញៀនចំនួនជាង ៥,០០០ នាក់ ត្រូវបានសម្លាប់ដោយប៉ូលិស នៅក្នុងប្រតិបត្តការប្រឆាំងនឹងគ្រឿងញៀនកន្លងមក។

ប៉ុន្តែក្រុមសកម្មជន បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៧,០០០នាក់ ត្រូវបានសម្លាប់ ដោយសាររដ្ឋាភិបាលលោក Duterte ដែលត្រូវបានគេបោះឆ្នោតជ្រើសរើសរូបលោក ធ្វើជាមេដឹកនាំប្រទេស ក្នុងឆ្នាំ ២០១៦ រហូតមកទល់ពេលបច្ចុប្បន្ននេះ៕

មតិយោបល់