កណ្តាលៈ ព័ត៌មានចុងក្រោយពីករណីមន្រ្តីនគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃម្នាក់ ផឹកស៊ីស្រវឹងបាញ់បោះសេរី ផ្អើលពេញម៉ាស្រុកកៀនស្វាយ ខេត្តកណ្តាល កាលយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នៅចម្ការស្វាយ ក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ហើយត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួននោះ ឥឡូវមន្ត្រីរូបនេះ ត្រូវបានដោះលែងដោយខាងអង្គភាពធានាយកមកវិញ ដើម្បីដាក់ពិន័យអង្គភាពវិញ។
មន្ត្រីនគរបាល នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយសុំមិនឲ្យបញ្ចេញឈ្មោះ បានប្រាប់ Post News ថា មន្ត្រីនគរបាលបាញ់បោះសេរី ឈ្មោះ ឡេង សុជាតិ ត្រូវសាមីអង្គភាពធានាយកមកវិញ ដើម្បីពិន័យនៅអង្គភាព គឺមានវិធានការតាមវិន័យនគរបាលជាតិ។
មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ជនបាញ់បោះសេរី ដែលកម្លាំងអាវុធហត្ថឃាត់ខ្លួននេះ មានឈ្មោះ ឡេង សុជាតិ ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីនគរបាល មានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក (ស័ក្កិ៣) អត្តលេខ ៧១៩៨៥ បម្រើការនៅអង្គភាពនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ មន្ត្រីអាវុធហត្ថដដែល បានបញ្ជាក់ថា ក្រោយការឃាត់ខ្លួន កម្លាំងអាវុធហត្ថបានដកហូតអាវុធខ្លី១ដើម ម៉ាក BERTTA លេខ PX5341M ផលិតនៅប្រទេសអីតាលី បង់មួយមានគ្រាប់១៥គ្រាប់ និងប្រមូលបានសម្បកកាទុសបាញ់រួចចំនួន៩សម្បកគ្រាប់ លិខិតបេសកកម្មមួយច្បាប់លេខ000454 ប័ណ្ណប្រើប្រាស់អាវុធលេខ ខ អ 9 04365 និងអត្តសញ្ញាណប័ណ្ណនគរបាលជាតិ១សន្លឹកផងដែរ។
តាមចម្លើយរបស់មន្ត្រីនគរបាលបាញ់បោះសេរីរូបនោះ បានប្រាប់ទៅមន្ត្រីជំនាញអាវុធហត្ថខេត្តកណ្តាលថា មូលហេតុមកពីខ្លួនអន់ចិត្តនឹងពួកម៉ាក និងស្រវឹងស្រាផង ក៍ដកកាំភ្លើងបាញ់ឡើងលើលេងតែម្តងទៅ៕
មតិយោបល់