ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជំរុញឲ្យសិស្សចៅក្រមជំនានទី៧ ត្រូវ ពង្រឹងសមត្ថភាពក្នុងការសិក្សារៀនសូត្រដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់នៅក្នុងវិស័យយុត្តិធម៌ ក្នុងន័យចូលរួមចំណែកស្វែងរកយុត្តិធម៌ក្នុង សង្គមជាតិ ។
ការជំរុញរបស់លោករដ្ឋមន្រ្តី អង្គ វង្សវឌ្ឍនា គឺធ្វើឡើងនៅក្នុងពិធីបើក វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការ សម្រាប់សិស្សចៅក្រម ជំនាន់ទី៧ នៅល្ងាចថ្ងៃទី២៥ ឧសភានេះ នារាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។
លោករដ្ឋមន្រ្តី បានបន្តថា ការងារដែលនៅចំពោះមុខដែល សិស្សចៅក្រម ជំនាន់ទី៧ត្រូវ ធ្វើនោះគឺកាតព្វកិច្ចជាច្រើនដែលត្រូវអនុវត្តដូច ចែងក្នុងបទ បញ្ជាផ្ទៃក្នុង និងក្រុមសីលធម៌សម្រាប់សិស្ស មន្រ្តីសុក្រឹតការ និងវិក្រឹតការ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការជា ដើម។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា អនាគតប្រទេសជាតិ គឺពឹងផ្អែកលើអ្វីដែល យើងអាចធ្វើបាននា ពេលបច្ចុប្បន្ន ក្នុងាករផ្តល់នូវការអប់រំ ការបណ្តុះបណ្តាល ដល់ប្រជាជនជំនាន់ក្រោយ។ ការអប់រំបណ្តុះបណ្តាលដ៏ល្អប្រសើរបំផុត គឺជាការអប់រំបណ្តុះបណ្តាលដែលពោរពេញ ទៅការប្រកួតប្រជែង ពោលគឺ អភិវឌ្ឍន៍សមត្ថភាពក្នុងការដោះស្រាយបញ្ហា ក្នុងការគិតប្រកបដោយ សុភវិនិច្ឆ័យ និងការអប់រំសីលធម៌សម្រាប់ទ្រទ្រង់អាជីពការងារទាំងមូល។
លោករដ្ឋមន្រ្តី បន្តថា ការប្រឡងប្រជែងនាពេលកន្លងទៅមិនត្រឹមតែចាត់ ទុកថាជាការវាស់ស្ទង់នូវកម្រិតសមត្ថភាព ការវៃឆ្លាត ភាពម៉ឺងម៉ាត់ សេចក្តីក្លាហាន និងក្រមសីលធម៌ នោះទេ ប៉ុន្តែគឺជាការបោះជំហានមួយ យ៉ាងវែង ឆ្ពោះទៅរកការពង្រឹង និងពង្រីកអាជីព ផ្ទាល់ខ្លួនតាមរយៈការបណ្តុះ បណ្តាលកម្រិតជំនាញវិជ្ជាជីវៈ៕
មតិយោបល់