ព័ត៌មានជាតិ

សមត្ថកិច្ចនឹងធ្វើសន្និសីទបង្ហាញមុខជនដៃដល់ដែលពាក់ពន្ធ័នឹងសំណុំរឿងរំលោភសម្លាប់ក្មេងស្រីវ័យ១៨ឆ្នាំ ប្លន់យកគ្រឿងអលង្កការនៅក្រុងបាវិតនៅរសៀលនេះ

ស្វាយរៀង: តាមសេចក្តីរាយការណ៍ផ្ទាល់ពីភ្នាក់ងារPost News បានឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បាននិងកំពុងធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យដែលជាឃាតកក្នុងសំណុំរឿងរំលោភសម្លាប់ក្មេងស្រីវ័យ១៨ឆ្នាំ ប្លន់យកគ្រឿងអលង្កការនៅក្រុងបាវិត មុននឹងបញ្ជូនទៅកាន់តុលាការ។

គួរបញ្ជាក់បន្ថែមថា៖ កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានប្រជាពលរដ្ឋបានប្រទះឃើញសាកសពនារីម្នាក់ ដេកផ្កាប់មុខស្លាប់នៅចំណុចក្បែររបងផ្ទះប្រជាពលរដ្ឋស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយសភាពនៃសព ស្ថិតក្នុងភាពអាក្រាតកាយ ដោយមានខោក្នុងនៅជាប់កជើងខាងស្ដាំ ព្រមទាំងមានដុំថ្មសង្កត់ពីលើក្បាលផ្នែកខាងក្រោយផងដែរ។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលជំនាញរបស់ផែននគរបាលព្រហ្មទណ្ឌខេត្ត កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងប៉ុស្តិ៍រដ្ឋបាលបាវិត សហការជាមួយលោកវេជ្ជបណ្ឌិត អ៊ូ សាផល គ្រូពេទ្យបង្អែកជីភូ បានទៅដល់កន្លែងកើតហេតុ និង ធ្វើការពិនិត្យកន្លែងកើត និងសាកសពឃើញថា សាកសពឈ្មោះ សុវណ្ណ សុម៉ាលីន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការស៊ីណូហ្គោតឡាក់ ស្ថិតនៅក្នុងក្រុងបាវិត មានទីលំនៅភូមិដូនម៉ៅលើ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដេកស្លាប់ផ្កាប់មុខនៅក្នុងទឹកស្រែ។

ក្រោយពីសមត្ថកិច្ចលើកសាកសពពីក្នុងទឹកមកលើគោក ដើម្បីធ្វើការពិនិត្យឃើញថា សាកសពមានសភាពហើមស្អុយ និងអាក្រាតកាយដោយមានខោលីអូនៅត្រឹមកជើងខាងស្ដាំ ចំណែកនៅនឹងកមានកន្សែងរឹតជាប់នឹងក ចំណែកខ្លួនប្រាណមានរបកស្បែកស្ទើរពេញមួយតួខ្លួន ទៀតផង ។ ដូច្នេះ តាមការសន្និដ្ឋាន របស់លោកវេជ្ជបណ្ឌិត អ៊ូ សាផល គ្រូពេទ្យបង្អែកជីភូ រួម និងសមត្ថកិច្ចជំនាញនគរបាលឃើញ សាកសពឈ្មោះ សុវណ្ណ សុម៉ាលីន ភេទស្រី អាយុ១៨ឆ្នាំ ស្លាប់ដោយសាជនល្មើស រំលោភ និងយកកន្សែងរឹតក ហើយយកទៅបោះចោលនៅក្នុងទឹកស្រែក្បែរគុម្ពដើមរំចេកនៅក្នុងភូមិឃុំខាងលើ។

លុះដល់ល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០៧ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ស្នងការ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌនគរបាលខេត្តស្វាយរៀង និងមានកិច្ចសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័នឹងសំណុំរឿងឃាតកម្មរំលោភសម្លាប់ ទៅលើក្មេងស្រីវ័យ១៨ឆ្នាំដែលជាបុគ្គលិកការស៊ីណូហ្គោតឡាក់ នោះបានហើយ នៅវេលាម៉ោង៧ព្រឹក និងបន្តកិច្ចប្រតិបត្តិការនៅវេលាម៉ោង២រសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ ដោយឃាត់ខ្លួនជនសង្ស័យជាប់ទាក់ទិន្នក្នុងករណីឃាតកម្មកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៧ នៅក្រុងបាវិតបានចំនួន២នាក់។

លោកវរសេនីយ៍ទោ កែវ សុថា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់Post Newsថា៖ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆើយ សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេតស្វាយរៀង ដែលសង្ស័យជាប់ទាក់ទិនក្នុងករណីឃាតកម្ម កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៧ នៅក្រុងបាវិត។

នៅពេលឃាត់ខ្លួនសមត្ថកិច្ចយើងឆែកឆេរលើខ្លួនប្រាណបានរកឃើញខ្សែកមួយខ្សែ និង ចិញ្ចៀនមួយវង់ ឆ្លងតាមការសាកសួររហូតដល់ម៉ោង២រសៀល ជនសង្ស័យបានឆ្លើយសារភាពថា៖ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ខ្លួននិងគូកនម្នាក់ ទៀតឈ្មោះ ផ្លេក មុន្នី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិឃុំជាមួយគ្នា ពិតជាបានរួបរួមគ្នាប្រព្រឹត្តិអំពើរំលោភសេពសន្ថវ:ទៅលើនារីឈ្មោះ សុវណ្ណ សុម៉ាលីន អាយុ១៨ឆ្នាំ នៅក្នុងរថយន្ត រួចរឹតកសម្លាប់ហើយយកទៅបោះចោលនៅចំណុចផ្លូវលំស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ប្រាកដមែន ។

រហូតមកដល់វេលាម៉ោង ៣និង២០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានសហការជួយឃាត់ខ្លួនជនសង្ស័យឈ្មោះ ផ្លេក មុន្នី បានម្នាក់ទៀត៕

មតិយោបល់