ភ្នំពេញៈ ប្រជាពលរដ្ឋកំពុងនាំគ្នាផ្អើលឈូរឆចាប់អារម្មណ៍ទៅលើរឿងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ជុំវិញករណីនេះ។
តាមរយៈសេចក្តីថ្លែងការណ៍ចំនួន២សន្លឹករបស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែល Post News ទទួលបានពាក់ព័ន្ធករណីរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យឃើញថា ការប្រព្រឹត្តរបស់លោក កឹម សុខា ដែលមិនបានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់តំណាងអយ្យការទាំងពីរលើកនេះ គឺជាបទល្មើសតាមមាត្រា ៥៣៨នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្របត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»។
ផែ្នកលើមូលដ្ឋាននៃអំពើល្មើសខាងលើ និងការអនុវត្តយ៉ាងត្រឹមត្រូវតាមបទប្បញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចាត់នីតិវិធីបន្ត ក្នុងក្របខណ្ឌនៃបទល្មើស ជាក់ស្តែងភ្លាមបន្ទាប់ពី លោក កឹម សុខា ខកខានមិនបានចូលខ្លួនជាលើកទី២ តាមដីកាកោះហៅ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕
មតិយោបល់