ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថយន្តស្រាបៀអង្គរ បុករថយន្តមន្ទីរសធារណការ ខេត្តកណ្តាល របួស៣នាក់

កណ្ដាលៈ រថយន្តធុនធំរបស់ក្រុមហ៊ុនស្រាបៀអង្គរ បុករថយន្តមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បណ្ដាលឲ្យខូចខាតរថយន្តទាំងពីរយ៉ាងដំណំ និងបង្កឲ្យរងរបួសធ្ងន់ស្រាល៣នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតនៅចំណុចភូមិតាំងឫស្សី ឃុំរការជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាល ប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តរបស់ក្រុមហ៊ុនស្រាបៀអង្គរ ម៉ាកហ៊្វុយហ្ស៊ោ (Fuso) ប្រភេទដឹកទំនិញធុនធំ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-2818 (អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះ) ដែលបើកបរក្នុងទិសដៅពីកើតទៅលិច ដោយមានការធ្វេសប្រហែសក៏បានបុកជាមួយរថយន្តម៉ាក Frontie ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2A-7560 ជារថយន្តរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដែលបើកបរដោយឈ្មោះ លឹម សម្រស់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកំពង់សំណាញ់ ឃុំកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ខណៈបើកបរក្នុងទិសដៅបញ្ច្រាសគ្នា។

មន្ត្រីនគរបាល បន្តថា ភាគីរថយន្តរបស់មន្ទីរសាធារណការខេត្តកណ្ដាល មានមនុស្សរួមដំណើរ ចំនួន៣នាក់ផ្សេងទៀត គឺមាន ទី១ឈ្មោះ យិន ចន្ថា ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវរងរបួសធ្ងន់បាក់ជើងផ្នែកខាងស្ដាំ ដោយសារគៀបជាប់ក្នុងរថយន្ត មានទីលំនៅភូមិដំរីស្លាប់ ឃុំទ្រាល ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ទី២ឈ្មោះ ឡុច ស្រីឡាច ភេទប្រុស អាយុ៤៧ឆ្នាំ រងរបួសស្រាល រស់នៅភូមិចំបក់ ឃុំចំបក់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងទី៣ឈ្មោះ ជា អូន ភេទស្រី អាយុ៤៤ឆ្នាំ រងរបួសស្រាល រស់នៅភូមិចំបក់ ឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រួចបានអូសយករថយន្តដែលខូចខាតទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

photo_2016-05-28_11-21-27photo_2016-05-28_11-21-29photo_2016-05-28_11-21-31photo_2016-05-28_11-21-33photo_2016-05-28_11-21-35

មតិយោបល់