ភ្នំពេញៈ លោក ស៊ុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ បានប្រកាសដង្ហែញត្តិទៅថ្វាយព្រះមហាក្សត្រ នៅវេលាម៉ោង២រសៀលថ្ងៃនេះ ដើម្បីសុំព្រះរាជអន្តរាគមន៍ឲ្យដោះលែងអ្នកតំណាងរាស្ត្រ និងសកម្មជនបក្ស ព្រមទាំងមន្ត្រីសិទ្ធិមនុស្សមួយចំនួន ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
ការប្រកាសដង្ហែញត្តិទៅសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រនៅពេលនេះ ស្របពេលដែលសាលារាជធានីភ្នំពេញ ប្រកាសមិនអនុញ្ញាតមានការដង្ហែក្បួន ដោយសំអាងថា ការសុំហែញាត្តិនេះប្រធុចញ៉ុចពេក។
ការប្រកាសសម្រេចចិត្តដង្ហែក្បួននេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនៅម៉ោង១១ព្រឹកថ្ងៃទី៣០ ខែឧសភានេះ នាស្នាក់ការកណ្តាល ដែលស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សន្និសីទនេះ ធ្វើឡើងស្របពេលដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រជុំ និងសម្រេចបើកផ្លូវឲ្យសមត្ថកិច្ច និងតុលាការ បន្តចាត់ការលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ទៅតាមផ្លូវច្បាប់ បន្ទាប់ពីលោក កឹម សុខា មិនបានចូលខ្លួនតាមការកោះហៅចំនួន២លើក។ នៅទីស្នាក់ការចាក់អង្រែ នៅតែមានការប្រមូលផ្តុំមនុស្សរាប់រយនាក់ និងធ្វើឲ្យតំបន់នោះ មានការកកស្ទះចរាចរផងដែរ។
តាមសេចក្តីរាយការណ៍មកថា ក្រោយពីធ្វើសន្និសីទកាសែតរួច និងមានការហែញាត្តិទៅកាន់ព្រះបរមរាជវាំង ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ។
ចំណែកឯសាលារាជធានីភ្នំពេញ បានប្រកាសមិនឲ្យមានការហែញាត្តិទៅព្រះមហាក្សត្រនោះទេ ដោយសារតែការសុំហែញាត្តិនេះប្រធុចញ៉ុចពេក សុំព្រឹកធ្វើល្ងាច វាខុសពីច្បាប់ ហើយម៉្យាងខ្លាចមានការប៉ះទម្គិចគ្នាជាមួយក្រុមគាំទ្រចំណាត់ការរបស់តុលាការផងដែរ៕
https://www.youtube.com/watch?v=R_PiHtv906E
មតិយោបល់