ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(ខ្សឹប)អ្នកធំនៅបាត់ដំបង ត្រូវប៉ាន់ល្បែងភ្នាល់ទឹកភ្លៀង

បាត់ដំបងៈ មន្ត្រីរាជការ សមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងជាច្រើន បានខ្សឹបប្រាប់នាយក្តាមប្រៃ ឲ្យដឹងថា នៅទូទាំងខេត្តបាត់ដំបង ពិសេសក្រុងបាត់ដំងតែម្តង ល្បែងភ្នាល់ទឹកភ្លៀង កំពុងត្រូវគេបើកលេងយ៉ាងពេញបន្ទុក នៅម្ដុំខាងក្រោយផ្សារភូពុយ ឬខាងក្រោយវត្តទួលដូនពុក ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពបានខ្សឹបប្រាប់ទៀតថា មេល្បែងភ្នាល់ទឹកភ្លៀងក្នុងតំបន់នេះ ត្រូវគេស្គាល់ថា ឈ្មោះ តាល់ ដែលជាប្អូនធម៌របស់លោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង ដែលទើបនឹងផ្លាស់ចេញនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ដែលល្បីល្បាញខាងពុករលួយ និងធ្វើអ្វីៗ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះ។ ហេតុនេះហើយ ទើបឈ្មោះ តាល់ អាចបើកល្បែងភ្នាល់ទឹកភ្លៀង តាមអំពើចិត្ត និងមានដៃស្ដាំម្នាក់ ឈ្មោះ ជ្រុង គឺជាអ្នកគ្រប់គ្រងកូនកញ្ច្រែងជាច្រើនកន្លែង។

មន្ត្រីរាជការ សមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង បានឲ្យនាយក្តាមប្រៃយើងដឹងថា លោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង និងលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង សុទ្ធតែបានដឹងយ៉ាងច្បាស់ពីរឿងឈ្មោះ តាល់ បើកល្បែងភ្នាល់ទឹកភ្លៀង នៅភូមិអញ្ចាញ សង្កាត់អូរចារ។ ប៉ុន្តែសង្ស័យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចខេត្តបាត់ដំបង ទទួលផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីមេល្បែងភ្នាល់ទឹកភ្លៀង ទើបមិនចាត់វិធានការបង្ក្រាប ហើយបណ្ដោយឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម និងប៉ះពាល់ដល់ភូមិឃុំមានសុវត្ថិភាពផងដែរ។

ប្រភពបានខ្សឹបឲ្យដឹងទៀតថា មួយរយៈពេលចុងក្រោយនេះ មានអ្នកញៀនល្បែងភ្នាល់ទឹកភ្លៀងយ៉ាងគគ្រឹកគគ្រេង ហើយមានអ្នកខ្លះយកអង្រឹងទៅចងតាមដើមឈើក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ដើម្បីមើលមេឃទៀតផង។

មន្ត្រីរាជការ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា ក្រៅពីល្បែងភ្នាល់ទឹកភ្លៀង គឺល្បែងភ្នាល់បាល់ទាត់ ក៏កំពុងរាលដាលយ៉ាងអនាធិបតេយ្យផងដែរ ក្នុងខណៈបាល់ទាត់ដណ្ដើមជើងឯកនៅតំបន់អឺរ៉ុប ជិតឈានមកដល់។ ដោយសារតែល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកក្នុងក្រុងបាត់ដំបង ដូចសព្វថ្ងៃនេះ ទើបបទល្មើសផ្សេងៗ ដូចជា អំពើចោរកម្ម លួចប្លន់ គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារកើតឡើងគួរឲ្យព្រួយបារម្ភ។

ប្រភពខាងលើបានខ្សឹបទៀតថា មេល្បែងភ្នាល់ទឹកភ្លៀង ឈ្មោះ តាល់ និងបក្ខពួក ព្រមទាំងមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពុករលួយក្នុងមួយថ្ងៃៗ ប្រមូលលុយរាប់ពាន់ដុល្លារ និងរាប់លាន់រៀល យកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម។

ក្រុមខាងលើ បានខ្សឹបប្រាប់ថា សកម្មភាពកើតល្បែងស៊ីសងដ៏សម្បូរបែបនេះ ពួកគាត់មិនដឹងថា លោកអភិបាលខេត្ត លោកស្នងការខេត្ត មិនត្រូវមើលរំលងតទៅទៀតទេ ព្រោះល្បែងភ្នាល់ទឹកភ្លៀងនៅក្រុងបាត់ដំបង កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋ ឬមួយលោកទាំងទ្វេបានជ្រាបបានសើមមាត់ពីល្បែងទាំងនោះដែរ បានជាមើលមិនឃើញមិនបង្ក្រាបនោះ៕

photo_2016-05-30_12-24-58photo_2016-05-30_12-25-01

មតិយោបល់