សៀមរាបៈ សមត្ថកិច្ចបាន បង្ក្រាបទីតាំងភោជនីយដ្ឋាន របស់ជនជាតិចិន ដែលមានយីហោ”អ៊ិល អ៊ិល អាយ អិន ស៊ីហ្វូត” មួយកន្លែង ក្នុងក្រុងសៀមរាប ដោយដកហូតសត្វព្រៃយកទៅប្រលែងនៅ អង្គការអភិរក្សមជ្ឈមណ្ឌលចម្រុះអង្គរ ACCB ភ្នំក្បាលស្ពាន។
ករណីនេះ ចុះបង្ក្រាបនេះធ្វើឡើងនៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ក្នុង ភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ដោយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប ក្រោមការដឹកនាំផ្ទាល់ពីលោកថេង សំណាង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ។
លោកម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានឲ្យដឹងថា ការចុះបង្ក្រាបនេះគឺមានការដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញាធរអមសាលាដំបូងខេត្ត បានចុះបង្ក្រាប និងឈានដល់ការរឹបអូសយកសត្វពស់ព្រៃ២ក្បាល មានទម្ងន់៤គីឡូក្រាម និងអណ្ដើកព្រិចចំនួន៧ក្បាល ស្មើនិង៨គីឡូក្រាម។
លោកបន្តថា ចំពោះទីតាំងខាងលើនេះ សមត្ថកិច្ច មិនបានបិទនោះទេ ដោយធ្វើកិច្ចសន្យា ផាកពិន័យនិងបញ្ឈប់ នូវការជួញដូរ។
លោកបន្ថែមថា សត្វព្រៃដែលបង្ក្រាបបានសមត្ថកិច្ចបានសម្រេចដឹកយកប្រគល់ឲ្យអង្គការអភិរក្សមជ្ឈមណ្ឌលចម្រុះអង្គរ ACCB នៅចំណុចភ្នំក្បាលស្ពានភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប ។
លោកបញ្ជាក់ថា ចំពោះករណីបទ ល្មើសជួញដូរសត្វព្រៃនេះដែរ លោកនឹងបន្តតាមដានបង្ក្រាបបន្តទៀត ប្រសិនបើមានបទល្មើសជាក់ស្តែងដឹកចូលហាងលក់ដូរទាំងនោះ។លោកបញ្ជាក់ទៀតថា អ្នកជួញដូរសត្វព្រៃគឺត្រូវមានទោស ចឹងទេសូមបងប្អូនបញ្ឍប់ការជួញដូរទៅ៕
មតិយោបល់