ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បាក់ពិដានផ្ទះ ប្រទះឃើញកាំភ្លើង AK ១ដើម

ភ្នំពេញៈ កាំភ្លើងមួយដើមធន់ AK47 ក្នុងសភាពចាស់ ច្រេះស៊ី ត្រូវបានពលរដ្ឋប្រទះឃើញ បន្ទាប់ពីបាក់ពិដានផ្ទះ ធ្លាក់ចេញកាំភ្លើងតែម្តង ហើយបានរាយការណ៍មកនគរបាលប៉ុស្តិ៍ចោមចៅយកទៅរក្សាទុក ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលេខ ២២ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

កាំភ្លើងមួយដើមខាងលើជាកាំភ្លើងស្វ័យប្រវត្តិ ប្រភេទAK47 ផលិតនៅប្រទេសឆេកូ ក្នុងសភាពចាស់ ច្រេះស៊ី មានគ្រាប់ចំនួន២បង់ ស្មើនឹង៦០គ្រាប់ ។

បើតាមបុរសឈ្មោះ គា សុកណាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ លក់ដូរ រស់នៅផ្ទះខាងលើ បានឲ្យដឹងថា ផ្ទះខាងលើ ត្រូវបានគ្រួសាររបស់ខ្លួន ចូលរស់នៅ អស់រយៈ ២ទៅ៣ឆ្នាំ កន្លងមកហើយ ដោយសារតែឪពុកម្តាយលែងលះគ្នា ទើបការរស់នៅមិនចុះសម្រុងគ្នា ហើយឪពុកក៏ចាកចេញទៅបាត់បន្សល់ទុក ម្តាយក្លាយជាស្រ្តីម៉េម៉ាយ នៅចិញ្ចឹមបីបាច់កូនចៅ ក្រោមដំបូលផ្ទះកើតហេតុខាងលើ។

បុរសរូបនេះបន្តប្រាប់សមត្ថកិច្ចឲ្យដឹងថា កាំភ្លើងមួយដើមខាងលើ ប្រទះឃើញ ក៏ដោយសារបាក់ពិដានផ្ទះ មិនដឹងថា អ្នកណាយកទៅលាក់ តាំងពីពេលណាមកនោះទេ ហើយក៏មិនចោទទៅលើឪពុកខ្លួនដែរ ទោះជាគាត់បែកបាក់គ្រួសារក៏ដោយ ក៏ដោយសារមិនដឹងមុខអ្នកយកទៅលាក់ រហូតដល់ប្រទះឃើញ នៅរសៀលថ្ងៃទី០១ ខែមិថុនានេះ ក៏រាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីយកទៅរក្សាទុកនោកន្លែងមានសុវត្តិភាព ជៀសវាងធ្លាក់ទៅលើដៃជនមានគំនិតមិនល្អ យកទៅប្រើធ្វើសកម្មភាព បទល្មើសណាមួយដែលមិននឹកស្មានដល់ បង្កឲ្យអសន្តិសុខសង្គម។

តាមសមត្ថកិច្ចបានឲ្យដឹងថា នេះជាស្មារតីមួយរបស់ប្រជាពលរដ្ឋល្អ កាលបើឃើញអាវុធយុទ្ធភ័ណ្ឌ បានរាយការណ៍មកសមត្ថកិច្ច៕

https://youtu.be/cTCjI1Am_HY

ghh

មតិយោបល់