ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្រឹកនេះ ACU បញ្ជូនមេធាវី ពេជ រតនា ទៅតុលាការ

ភ្នំពេញៈ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានប្រាប់សារព័ត៌មាន Post News នៅមុននេះបន្តិចថា នៅម៉ោង៨ព្រឹក ថ្ងៃទី២ ខែមិថុនានេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូនលោកមេធាវី ពេជ រតនា ទៅកាន់តុលាការមុនការកំណត់។

បើតាមលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឲ្យដឹងថា គណៈមេធាវីកម្ពុជា បានត្រៀមរួចរាល់ហើយ នូវមេធាវីចំនួន៦រូប ដើម្បីការពារក្ដីឲ្យលោកមេធាវី ពេជ រតនា ដែលជាជនសង្ស័យទៅតាមផ្លូវច្បាប់។ លោកទេសរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា “យើងជឿថា មេធាវី ជាអ្នកច្បាប់ ធ្វើអីទៅតាមផ្លូវច្បាប់ មិនធ្វើខុសអ្វីនោះឡើយ”។ ក្នុងនោះដែរ លោក ឱម យ៉ិនទៀង មិនបានបរិយាយពាក់ព័ន្ធនឹងបទចោទលើមេធាវីរូបនេះទេ ដោយលោកបង្វែឲ្យព្រះរាជអាជ្ញាជាអ្នកធ្វើការចោទប្រកាន់វិញ។

គួរជម្រាបថា លោកមេធាវី ពេជ រតនា អាយុ៤០ឆ្នាំ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួននៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ទល់មុខសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ប៉ុន្តែអង្គភាពមួយនេះ មិនបានបញ្ជាក់ពីដំណើររឿងនេះឡើយ។ “ពិតជាមានការចាប់ខ្លួនមេធាវីម្នាក់មែន នៅក្នុងស្តាតអូឡាំពិក ប៉ុន្តែយើងមិនអាចនិយាយបានទេថា ពាក់ព័ន្ធនឹងករណីអ្វី”។ លោក ឱម យ៉ិនទៀង បញ្ជាក់។

ភ្លាមៗ ក្រោយការចាប់ខ្លួនមេធាវីរូបនេះ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុន ហុន បានប្រាប់ថា គណៈមេធាវី មិនគាំទ្រអំពើខុសច្បាប់របស់មេធាវីណាម្នាក់ ដែលប្រព្រឹត្តអំពើខុសច្បាប់ឡើយ។ លោក ប៊ុន ហុន៖ “រហូតមកទល់ពេលនេះ ខ្ញុំមិនទាន់ទទួលដំណឹងថា មានការឃាត់ខ្លួនមេធាវីឈ្មោះអី ឬប្រព្រឹត្តបទល្មើសអ្វីនោះទេ ប៉ុន្តែបើពាក់ព័ន្ធនឹងអំពើអន្តរការី(អ្នករត់ការ) ខ្ញុំមិនគាំទ្រទេ ពីព្រោះវាជាអំពើខុសច្បាប់”

នៅថ្ងៃចាប់ខ្លួននោះដែរ គណៈមេធាវី បានចេញសេចក្តីណែនាំមួយឲ្យសមាជិករបស់ខ្លួនទាំងអស់ ប្រកាន់ខ្ជាប់នូវច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី បទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី ព្រមទាំងច្បាប់ និងបទប្បញត្តិជាធរមាន។

បើតាមលោក ប៊ុន ហុន៖ គណៈមេធាវី ធ្លាប់បានធ្វើការរឹតបន្តឹងជារើយៗ ដោយឲ្យមេធាវីគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈ ទៅតាមផ្លូវច្បាប់ និងរដ្ឋធម្មនុញ្ញ ហើយថ្មីៗនេះ គណៈមេធាវី បានធ្វើការណែនាំដល់សមាជិករបស់ខ្លួនជីត១០០០នាក់។ លោក ប៊ុន ហុន បន្ថែមថា ចាប់តាំងពីបង្កើតគណៈមេធាវី នៅឆ្នាំ១៩៩៥ រហូតដល់ទល់នឹងឆ្នាំ២០១៦នេះ មិនទាន់មានមេធាវីណាម្នាក់ ពាក់ព័ន្ធនឹងបទល្មើសអំពើពុករលួយនៅឡើយទេ។ លោកនិយាយថា ប្រសិនបើកូនក្ដីជួលមេធាវីរកយុត្តិធម៌អ្វីមួយ ដោយផ្ដល់ប្រាក់ឈ្នួលឲ្យមេធាវីនោះ មិនមែនជារឿងអំពើពុករលួយឡើយ លើកលែងតែមេធាវីនោះ ជាអ្នករត់ការពីកូនក្ដីទៅកាន់សមត្ថកិច្ចណាមួយ៕

ee333
13335972_1609395742708124_7028361748997924118_n13346503_1609396469374718_8629192093667927680_n១២៣

មតិយោបល់