ភ្នំពេញ: នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៣និង៣៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តតាក់ស៊ីមួយគ្រឿង ដឹកភ្ញៀវបត់ត្រឡប់ក្រោយ ត្រូវរថយន្តមួយគ្រឿងទៀតម៉ាក ហាយឡែនឌ័រ បើកដោយជនជាតិចិន បុកផ្នែកខាងមុខ បណ្តាលឲ្យផ្លោងទៅបោកផ្ទប់ក្បាលថ្មពុះចែកទ្រូងផ្លូវ បាក់២កំណាត់ រថយន្តក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ស្រាលមនុស្ស២នាក់ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ មានរថយន្តរត់តាក់ស៊ីមួយគ្រឿងម៉ាក ស្តារិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-7839 មានដឹកភ្ញៀវ៦នាក់នៅក្នុងរថយន្ត បានចេញដំណើរពីកន្លែងកើតហេតុ ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ដែលមានទិសដៅ ពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ បានបើកបត់ឡប់ក្រោយ ស្រាប់តែពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក ហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2AN-4035 ដែលបើកបរដោយបុរសជនជាតិចិនម្នាក់ មានអ្នករួមដំណើរជាមួយម្នាក់ទៀត ធ្វើដំណើរមកពីក្រោយ ដោយមានល្បឿនយ៉ាងលឿន បានជ្រុលទៅបុករថយន្តរត់តាក់ស៊ីម៉ាក ស្តារិច ពេញទំហឹង បណ្ដាលឲ្យរថយន្តម៉ាក ហាយឡែនឌ័រ ផ្លោងទៅបោកផ្ទប់នឹងក្បាលថ្មពុះចែកទ្រូងផ្លូវ ឲ្យបាក់ចំនួន២កំណាត់ ។ ចំណែករថយន្តបានក្រឡាប់ផ្ងារជើង និងរងរបួសធ្ងន់ស្រាលមនុស្ស២នាក់ ។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។ រីឯរថយន្តរងការខូចខាតស្ទើរទាំងស្រុង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ ធ្វើកំណត់ហេតុវាស់វែង យកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់