ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុងភ្នំពេញ និងហូជីមិញ លើកឡើងពីការបន្តជំរុញកិច្ចសហការ ជាមួយគ្នាឲ្យកាន់តែប្រសើរ

ភ្នំពេញ: ក្នុងដំណើរទស្សន:កិច្ចជាផ្លូវការនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១ មិថុនា លោក ឌិញ ឡាថាំង សមាជិកការិយាល័យនយោបាយ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាបក្សទីក្រុងហូជីមិញ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ដោយបានលើកឡើងពីខ្លឹមសារពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរបទពិសោធន៍ នៃដំណើរការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ហូជីមិញ។

ដំណើរទស្សន:កិច្ចនេះ គឺស្របពេលជាមួយ និងខួបលើកទី១២ឆ្នាំនៃការចងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ និងខួបលើកទី៤៩ឆ្នាំនៃចំណងការទូតរបស់ប្រទេសទាំង២កម្ពុជាវៀតណាម។

លោកអភិបាលមានប្រសាសន៍ថា រយ:ពេល៣៧ឆ្នាំក្រោយ ថ្ងៃរំដោះ៧មករា មិត្តវៀតណាមនៅតែបន្តជួយឧបត្តម្ភគាំទ្រដល់រាជធានីភ្នំពេញ ធ្វើឲ្យទីក្រុងមួយនេះ មានការរីកចម្រើន មានការអភិវឌ្ឍក្លាយជាទីក្រុងប្រកួតប្រជែងក្នុងតំបន់។

លោក ប៉ា សុជាតិវង្ស បន្តថា បច្ចុប្បន្នភ្នំពេញកំពុងដើរតួជាទីក្រុងទេសចរ ពាណិជ្ជកម្ម វិនិយោគ ដែលក្នុងនោះក៏មានការវិនិយោគពីវៀតណាមកើនពី៤០០លានដល់៨០០លាន ដុល្លារអាមេរិកក្នុងរយ:ពេលចុងក្រោយនេះ។ ទន្ទឹមនិងការរីកចម្រើន បញ្ហាប្រឈមក៏កើតមានដែរដូចជា បញ្ហាចរាចរណ៍ អនាម័យ បរិស្ថានប្រព័ន្ធលូបង្ហូរទឹកជាដើម។

លោកអភិបាលក៏បានលើកឡើងពីបទពិសោធន៍នៃការអភិវឌ្ឍទីក្រុង ការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថេរភាពនយោបាយតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

លោក ឌិញ ឡាថាំង បានស្វាគមន៍ និងអបអរសាទរចំពោះសមិទ្ធិផលដែលរាជធានីភ្នំ ពេញខិតខំសម្រេចបាន ហើយទីក្រុងហូជីមិញសុំចូលរួមចែករំលែកការលំបាកមួយចំនួន ដែលរាជធានីភ្នំពេញបានជួបប្រទះ និងបន្តនូវមរតក ដែលបានកើតឡើងពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងទីក្រុងទាំង២។

លោក ឌិញ ឡាថាំង ក៏បានលើកឡើងពីបទពិសោធន៍នៃការកសាងទីក្រុងហូជីមិញ ដែលមានប្រជាពលរដ្ឋរស់នៅជាង១៣លាននាក់ឲ្យក្លាយជាទីក្រុង ដែលមានសណ្តាប់ធ្នាប់ មានសន្តិសុខ និងជាទីក្រុងទេសចរណ៍វិនិយោគកម្រិតតំបន់។ លោកបន្តថា មានតែមនុស្សទេដែលអាចដោះស្រាយបញ្ហានានាបាន ដូច្នេះការបណ្តុះបណ្តាលធនធានមនុស្សជារឿងសំខាន់ និងចាំបាច់។ ជាមួយគ្នានោះដែរលោកអភិបាលរាជធានីភ្នំពេញ ក៏បានលើកសំណើរទៅភាគីទីក្រុងហូជីមិញ ឲ្យបន្តពង្រឹង និងឧបត្ថម្ភដល់មន្ទីរពេទ្យជោរីភ្នំពេញ ដែលកំពុងដំណើរសព្វថ្ងៃឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងសុំឲ្យភាគីវៀតណាមជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ភ្នំពេញ ហូជីមិញ ឲ្យមានភាពងាយស្រួល និងទទួលយកការអញ្ជើញរបស់លោក ឌិញ ឡាថាំង ដើម្បីទៅចូលរួមសិក្ខាសាលាទេសចរណ៍ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ នាខែកញ្ញា ឆ្នាំ២០១៦ខាងមុខ ក្រោមប្រធានបទទេសចរណ៍ និងការទទួលខុសត្រូវ និងដើម្បីចូលរួមអបអរសាទរលោក ឌិញ ឡាថាំង ដែលត្រូវបានតែងតាំងជាលេខាបក្សទីក្រុងហូជី មិញផងដែរ៕

photo_2016-06-02_10-37-56

photo_2016-06-02_10-37-58

photo_2016-06-02_10-38-01

photo_2016-06-02_10-38-03

photo_2016-06-02_10-38-06

photo_2016-06-02_10-38-09

មតិយោបល់