ភ្នំពេញៈ នៅរាត្រីថ្ងៃទី១មិថុនា ថ្នាក់ដឹកនាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក បានប្រារព្វរៀបចំពិធីលាងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនបណ្តាមេដឹកនាំនយោបាយ និងសេដ្ឋកិច្ចពិភពលោក ដែលមានវត្តមានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន នៅទីក្រុងគូឡាឡាំពួរ ប្រ ទេសម៉ាឡេស៊ី។
ពិធីដ៏មានអត្ថន័យនេះ ត្រូវបានការអញ្ជើញចូលរួមពី លោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក Rui Maria de Araujo នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រឡេស្តេ លោក Jusuf Kalla អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោក Trinh Dinh Dung ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Phillipp Rosler សមាជិកក្រុមប្រឹក្សាភិបាល នៃវេទិកាសេដ្ឋកិច្ចពិភពលោក ព្រមទាំងអស់លោក លោកស្រី ឥស្សរជននយោបាយ វាគ្មិនសេដ្ឋកិច្ច មកពីបណ្តាប្រទេសនានាជុំវិញពិភពលោកជាច្រើនរូប។
លោក Phillipp Rosler សមាជិកក្រុមប្រឹក្សាភិបាល នៃវេទិកាសេដ្ឋកិច្ចពិភពលោក មានប្រសាសន៍ ដោយសេចក្តីសប្បាយរីករាយដោយបានឃើញវត្តមាន នៃបណ្តាមេដឹកនាំនយោបាយ និងសេដ្ឋកិច្ចពិភពលោកដ៏ច្រើនកុះករ អញ្ជើញមកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
លោកប្រធានមានប្រសាសន៍បន្តថា ក្រោមប្រធានបទដែលផ្តោតសំខាន់លើរបៀបវារៈអាស៊ាន សម្រាប់បរិយាប័ន្ន និងកំណើន ដោយអ្នកចូលរួមទាំងអស់នឹងធ្វើការពិភាក្សាលើបញ្ហាជាច្រើន ស្ថិតក្រោមសរសគ្រឹះសំខាន់ៗចំនួន៣ គឺទី១ ជំរុញការរីកចំរើនដោយចីរភាព និងបរិយាប័ន្ន សង្គម ទី២ការស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មលើកទី៤ និងទី៣ការពង្រឹងទំនាក់ទំនងតំបន់។
លោកប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ក៏បានជូនពរដល់បណ្តាមេដឹកនាំនយោបាយ និងសេដ្ឋកិច្ចពិភពលោក សូមមានសុខភាពល្អបរិបូរណ៍ ក្នុងការស្នាក់អាស្រ័យអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីជានិម្មិតរូបនៃភាពរីកចំរើនរបស់ពិភពលោកទាំងមូល។
សូមបញ្ជាក់ដែរថា នេះគឺជាលើកទី២ហើយ ដែលប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះរៀបចំ វេទិកាសេដ្ឋ កិច្ចពិភពលោក។ វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន លើកទី២៥ ត្រូវបានប្រារព្វធ្វើឡើងក្នុងបរិបទមួយ ដែលអាស៊ានបានប្រែក្លាយខ្លួនទៅជាសហគមន៍អាស៊ានជាផ្លូវការ កាលពីចុងឆ្នាំ២០១៥។ គោលបំណងដ៏សំខាន់មួយ នៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន គឺដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ពង្រឹងការអភិវឌ្ឍពាណិជ្ជកម្មនៅក្នុងតំបន់ និងអនុញ្ញាតឲ្យមានចរាចរណ៍កាន់តែសេរីជាងមុននូវមុខទំនិញ សេវាកម្ម ពលករជំនាញ និងមូលធន។
នៅក្នុងកាលានុវត្តភាពរបស់ខ្លួន អាស៊ានគឺជាតំបន់មួយដែលមានកំណើន សេដ្ឋកិច្ចដ៏លឿនបំផុតមួយ នៅក្នុងពិភពលោក ដោយកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតែខ្ពស់ ចាប់តាំងពីឆ្នាំ២០០០មក។ លើបញ្ហាប្រឈមបើទោះបីអាស៊ាន សម្រេចបាននូវសមិទ្ធផលគន្លឹះៗជាច្រើន នៅក្នុងដំណើរឆ្ពោះទៅកាន់ការធ្វើសមាហរណកម្មតំបន់ពេញលេញមួយក៏ដោយ ក៏បញ្ហាប្រឈមនៅក្នុង សហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងដំណើរដ៏វែងឆ្ងាយសម្រាប់បណ្តារដ្ឋជាសមាជិក ត្រូវបន្តរួមគ្នាដោះស្រាយ ឲ្យខានតែបាន៕







មតិយោបល់