ភ្នំពេញៈ នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក ឌិញ ឡាថាំង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ក្នុងជំនួបសវនាការនេះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះដំណើរទស្សនកិច្ចរបស់លោក ឌិញ ឡាថាំង និងគណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចបានសម្តែងនូវការអបអរសាទរជូនលោក ឌិញ ឡាថាំង ដែលត្រូវបានមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី១២ ជ្រើសតាំងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ។
សម្តេចបានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក ឌិញ ឡាថាំង នាឱកាសនេះ ពិតជាបានរួមចំណែកដល់ការលើកកម្ពស់ចំណងមិត្តភាព សាមគ្តីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅថែមទៀត និងនាំមកនូវផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
លោក ឌិញ ឡាថាំង បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដល់សម្តេចប្រធាន ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្នុងបរិយាកាសរាក់ទាក់ និងស្និទ្ធស្នាល។
លោកបានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ដើម្បីពង្រឹងពង្រីកទំនាក់ទំងនងរវាងសាលារាជធានីភ្នំពេញ និងសាលាក្រុងហូជីមិញ។ តាមរយៈដំណើរទស្សនកិច្ចនេះ លោកសង្ឃឹមថា នឹងរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជនទាំងពីរ។
លោកបានសម្តែងការអបអរសាទរ ចំពោះវន្ឍភាព ដែលប្រទេសកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមក ក្រោមព្រះរាជដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។ លោកបានថ្លែងអំណរគុណចំពោះព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានគាំទ្រដល់ការតស៊ូរបស់ប្រជាជនវៀតណាម ក្នុងការរំដោះ និងកសាងប្រទេសជាតិ។
លោកបានបញ្ជាក់ថា បក្សរដ្ឋាភិបាល និងប្រជាជនវៀតណាម បានចាត់ទុកទំនាក់ទំនងនៃប្រទេស និងប្រជាជនទាំងពីរ គឺជាទ្រព្យសម្បត្តិដ៏វិសេសវិសាលដែលមិនអាចកាត់ថ្លៃបានឡើយ។
លោកបានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់សម្តេចប្រធានព្រឹទ្ធសភា អំពីទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលមានកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យជាអាទិ៍ លើវិស័យវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ដែលពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើនជាលំដាប់។
លោកបានជម្រាបថា ទីក្រុងហូជីមិញ គឺជាទីក្រុងនាំមុខគេនៃប្រទេសវៀតណាម ក្នុងការទំនាក់ទំនងជាមួយកម្ពុជាលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយ និងសាលារាជធានីភ្នំពេញលើវិស័យវិនិយោគ សេដ្ឋកិច្ច សេវាកម្ម និងទេសចរណ៍។ ម៉្យាងវិញទៀត ទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ មានសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដែលជាឱកាសនាំឲ្យមានការផ្លាស់ប្តូរនូវបទពិសោធន៍លើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅ។ ដំណើរទស្សនកិច្ចនេះ និងបង្កើន និងពង្រឹង ពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាប្រពៃណី ក្នុងនាមប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា។
សម្តចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះជំនួយ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ សម្តេចបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម បានជួយប្រជាជនកម្ពុជា ក្នុងគ្រប់ដំណាក់កាល ក្នុងនាមជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងដៃគូល្អ។
សម្តេចបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីម៉ិញ ដែលពិតជាមានសារសំខាន់ណាស់ ហើយសម្តេចបានសំណូមពរឲ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការទាំងនេះ ឲ្យកាន់តែស៊ីជម្រៅថែមទៀតតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈប្រតិភូជំនាញ គណៈប្រតិភូអង្គការមហាជន ពិសេសគឺគណៈប្រតិភូយុវជន ពីព្រោះយុវជនមានតួនាទីសំខាន់ក្នុងការបន្តវេន និងថែរក្សានូវចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។
សម្តេចបានប្រសិទ្ធពរជូនលោក ឌិញ ឡាថាំង ប្រធានគណៈប្រតិភូ មានសុខភាពល្អ ទទួលបានជោគជ័យ និងជូនពរឲ្យចំណងមិត្តភាពនៃប្រទេសទាំងពីរស្ថិតស្ថេរជារៀងរហូត៕
មតិយោបល់