(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនឹងបញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២.៥លានដូសទៅកាន់ប្រទេសបង់ក្លាដែស ក្រោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីការបង្កើនការបរិច្ចាគវ៉ាក់សាំងជាសកល។
បើតាមមន្ត្រីសេតវិមានម្នាក់ អាមេរិកនឹងបញ្ជូនវ៉ាក់សាំង Pfizer ចំនួន ២,៥០៨,៤៨០ដូស នាំឱ្យចំនួនវ៉ាក់សាំងសរុបដែលសហរដ្ឋអាមេរិក បានបញ្ជូនទៅកាន់ប្រទេសអាស៊ីខាងត្បូងមួយនេះ កើនឡើងដល់ជាង ៩លានដូសហើយ។
មន្រ្តីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះខាងលើដដែលបានឱ្យដឹងទៀតថាការវេចខ្ចប់កំពុងដំណើរការ ហើយការផ្ដល់ជូនលើកដំបូង បានធ្វើឡើងតាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ Covax របស់អង្គការសុខភាពពិភពលោក (WHO) នឹងទៅដល់នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ៕
ប្រភព៖ AFP
មតិយោបល់