ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យុវជន២នាក់ជិះម៉ូតូគេចពីបារ៉ាស់សមត្ថកិច្ច បាញ់១គ្រាប់ របួសម្នាក់

ភ្នំពេញៈ យុវជន២នាក់ ត្រូវកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌបានធ្វើការឃាត់ខ្លួន ក្រោយពីពួកគេទាំងពីរ ព្យាយាមជិះគេចពីសមត្ថកិច្ចដែលកំពុងត្រួតពិនិត្យច្បាប់ចរាចរណ៍ កាលពីវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ជើងគោក នៅត្រង់ចំណុចមុខសួនឃ្លាំងសាំងសូគីមិច ស្រាប់តែបានប្រទះឃើញយុវជន២នាក់ បានជិះម៉ូតូ មួយគ្រឿង ម៉ាក waves ពណ៌ខ្មៅ គ្មានស្លាកលេខ និងគ្មានដាក់កញ្ចក់ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ សមត្ថកិច្ចបានហៅឲ្យឈប់ តែយុវជនទាំងពីរ ពុំបានឈប់ទេ ហើយជិះរត់គេចពីកម្លាំងសមត្ថកិច្ចទៅវិញ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចមានការសង្ស័យ ក៏បានជិះម៉ូតូដេញតាមពីក្រោយរហូតដល់ចំណុចមុខការ៉ាសាំងហ្គាសទាន់សម័យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក នៅតែមិនព្រមឈប់ ពេលនោះកម្លាំងសមត្ថកិច្ចក៏បានសម្រេចដកកាំភ្លើងបាញ់មួយគ្រាប់ទៅលើយុវជនម្នាក់ ដែលជាអ្នកឌុប បណ្តាលឲ្យត្រូវចំជើងខាងស្តាំឲ្យរងរបួសធ្ងន់ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

យុវជនទាំង២នាក់នោះ ទី១ ឈ្មោះ អ៊ុត សំនៀង ភេទ ប្រុស អាយុ ២៥ឆ្នាំ ជាអ្នកបើកបរម៉ូតូបានរងរបួស មួយគ្រាប់ចំកជើងខាងស្តាំ និងទី២ ឈ្មោះ អឿន សុធារ៉ា ភេទ ប្រុស អាយុ ៣០ឆ្នាំ ជាអ្នកជិះពីក្រោយ បច្ចុប្បន្នអ្នកទាំង ០២នាក់មានមុខរបរចាក់នំពងទា និងមានស្រុកកំណើតនៅភូមិស្រែព្រីង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ក្រោយពីសមត្ថកិច្ចបានធ្វើការសាកសួររួចមក យុវជនទាំង២នាក់បានសារភាពថា ខ្លួនបានត្រឡប់មកពីលេងផ្ទះបងប្អូននៅម្តុំភូមិដំបូកខ្ពស់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ពេលជិះមកដល់ចំណុចខាងលើ ក៏បានជួបសមត្ថកិច្ចកំពុងត្រួតពិនិត្យច្បាប់ចរាចរណ៍ ខណៈពេលសមត្ថកិច្ចហៅឲ្យឈប់ក៏ពួកគេមិនឈប់ ព្រោះគ្មានលុយឲ្យសមត្ថកិច្ច ។

បច្ចុប្បន្នយុវជនទាំង២នាក់ត្រូវបានបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរតាមនីតិវិធីច្បាប់៕

photo_2016-06-02_17-32-15photo_2016-06-02_17-32-23photo_2016-06-02_17-32-26photo_2016-06-02_17-32-29photo_2016-06-02_17-32-32photo_2016-06-02_17-32-42photo_2016-06-02_17-32-45photo_2016-06-02_17-32-51photo_2016-06-02_17-32-57

មតិយោបល់