ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ចូលរួមបិទជាផ្លូវការ នៃវេទិការសេដ្ឋកិច្ចស្តីពីអាស៊ាន

ភ្នំពេញៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចូលរួមបិទជាផ្លូវការនៃ វេទិការសេដ្ឋកិច្ចស្តីពីអាស៊ាន (World Economic Forum on ASEAN, នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីម៉ោង៤មុននេះបន្តិច។ តាមរយៈកិច្ចពិភាក្សាដែលមានរយៈពេលពីរថ្ងៃកន្លងមកនេះ ដែលមានអ្នកចូលរួមជាច្រើនមកពីបណ្តាប្រទេសនានា គឺកម្ពុជាបានបង្កើនមិត្តភាព និងផ្សាភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសជាច្រើនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនានា ជាពិសេសលើវិស័យសេដ្ឋកិច្ចដែលជាសសៃឈាមក្នុងការអភិវឌ្ឍន៍ប្រទេស។

នៅក្នុងសហសវត្សថ្មីនេះ មិនថាតែកម្ពុជាទេ គឺប្រទេសនីមួយៗត្រូវការចែករំលែកបទពិសោធន៍ និងពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឲ្យឆាប់រីកចម្រើនទៅមុខ។ កំណើនសេដ្ឋកិច្ចកម្ពុជាពេលនេះ បានបង្ហាញឲ្យឃើញអំពីការរីកចម្រើនជាវិជ្ជមានទៅមុខ។

ទន្ទឹមនឹងនេះ កម្ពុជាត្រូវថែរក្សាស្ថេរភាពនយោបាយ សន្តិសុខសង្គម និងសុខសន្តិភាព ដើម្បីទាក់ទាញវិនិយោគទុនបរទសមកវិនិយោគនៅក្នុងប្រទេសយើងឲ្យកាន់តែច្រើឡើងថែមទៀត។ ជាមួយគ្នានេះដែរ កម្ពុជាក៏ត្រូវជំរុញការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសមត្ថភាពទាំងជំនាញបច្ចេកទេស ភាសា ស្របជាមួយការរីកចម្រើននៃបច្ចេកវិទ្យាដែលជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៍ប្រទេស។

នៅក្នុងកម្មវិធីបិទវេទិការរសៀលនេះ យើងបានផ្សព្វផ្សាយវីដេអូអំពីកម្ពុជា និងសក្តានុពលរបស់ប្រទេសយើងជូនភ្ញៀវអន្តរជាតិទស្សនាផងដែរ។ នៅឆ្នាំ២០១៧ខាងមុខនេះ កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិការសេដ្ឋកិច្ចេពិភពលោក ហើយយើងសង្ឃឹមថា កម្ពុជានឹងទាក់ទាញវិនិយោគទុន និងទេសចរណ៍អន្តរជាតិកាន់តែច្រើនឡើងថែមទៀតជាមិនខាន។

នៅថ្ងៃស្អែកនេះ សម្ដេចនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នឹងចាប់ផ្តើមទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីពង្រឹងមិត្តភាព និងសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍នៃប្រជាជាតិយើងទាំងពីរ៕

photo_2016-06-02_17-24-41 (2)photo_2016-06-02_17-24-40photo_2016-06-02_17-24-41photo_2016-06-02_17-24-39photo_2016-06-02_17-24-38photo_2016-06-02_17-24-35photo_2016-06-02_17-24-36photo_2016-06-02_17-24-37photo_2016-06-02_17-24-42photo_2016-06-02_17-24-38 (2)photo_2016-06-02_17-24-39 (2)

មតិយោបល់