ភ្នំពេញៈ រថយន្តដឹកឥដ្ឋមួយគ្រឿង បានក្រឡាប់ប៉ះជើងច្រង៉ាងចាក់ឥដ្ឋពេញផ្លូវ បណ្តាលឲ្យមនុស្សប្រុសស្រី៤នាក់បានរងរបួសធ្ងន់ស្រាល កាលពីម៉ោង ៩និង២៥នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចគល់ស្ពានលីយ៉ុងផាត់ខាងកើត ស្ថិតនៅក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
ជនរងគ្រោះមានឈ្មោះ តាំង លីនណា អាយុ ១៨ឆ្នាំ មុខរបរ កម្មករឥដ្ឋ ត្រូវជាប្រពន្ធ ចំណែកឯប្តីមានឈ្មោះ ហ៊ង សុខគីម អាយុ ២២ឆ្នាំ អ្នកទាំង ០២នាក់បានរងរបួសធ្ងន់ មានទីលំនៅក្នុងភូមិព្រៃរុណ ឃុំភូមិព្រៃរុណ ស្រុកត្រាំង ខេត្តតាកែវ ។ ចំណែកឯ ០២នាក់ទៀត មានឈ្មោះ មាគ ត្រាំង អាយុ ៣៦ឆ្នាំ មុខរបរ ជាអ្នកបើកបរ និងប្រពន្ធឈ្មោះ ម៉ៅ ស្រីលីន អាយុ ៣៣ឆ្នាំ អ្នកទាំង ០២នាក់បានរងរបួសស្រាល មានទីលំនៅក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
មុនពេលកើតហេតុគេបានឃើញរថយន្តដឹកដឹកឥដ្ឋ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដា ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-0342 បានដឹកឥដ្ឋពីព្រែកតាមាក់យកទៅដាក់ឲ្យម៉ូយនៅម្តុំផ្សារថ្នល់ទទឹង ស្រុកអង្គស្នួល ខេត្តកណ្តាល។ លុះជិះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តដឹកដី មួយគ្រឿង ដោយបានបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាតាមផ្លូវស្របស្ពានលីយ៉ុងផាត់ ហើយរថយន្តដឹកដីក៏បានបត់ឆ្វេងឡើងស្ពានលីយ៉ុងផាត់ភ្លាមនោះៗ ក៏មានរថយន្តដឹកឥដ្ឋពីរគ្រឿងទៀត បានបើកមុខរថយន្តបង្កហេតុ ក៏បានអរហ្សឺរ ទៅនឹងរថយន្តដឹកដីនោះ ក្រោយមកខាងរថយន្តដឹកឥដ្ឋក៏បានជាន់ហ្រ្វាំងឈប់ ដោយរថយន្តបង្កនៅពីក្រោយជាន់ហ្វ្រាំងមិនបានទាន់ ក៏បួងចង្កូតមកខាងឆ្វេងដៃ ទើបបណ្តាលឲ្យរថយន្តក្រឡាប់ប៉ះជើងតែម្តង ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធដែលរងរបួសធ្ងន់នោះ ត្រូវបានរថយន្ត ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រឺឯរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរឃាត់បាននិងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
https://youtu.be/wgbdO6rf4s4
https://youtu.be/_vTNIaZiiXE
https://youtu.be/omupQBaqexo
មតិយោបល់