សៀមរាបៈ អ្នកជំនាញគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរាកំពុងញាប់ដៃញាប់ជើង អង្កេតហានិភ័យដើមឈើ និងព្យាបាលដើមឈើជាបន្តបន្ទាប់នៅពេលរដូវភ្លៀងចូលមកដល់។
បើតាមគេហទំព័ហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី៣ ខែមិថុនានេះ បានឲ្យដឹងថា រដូវភ្លៀងបានចូលមកដល់ភ្លៀងលាយឡំនឹងខ្យល់ព្យុះតូចធំបក់មកប៉ះតំបន់អង្គរជាញឹកញាប់ ដែលបានបណ្តាលឲ្យមានឈើមួយចំនួនបានបាក់មែក ដួលរលំដើមជាបន្តបន្ទាប់។
ដើម្បីបញ្ជៀសហានិភ័យជាយថាហេតុ ដែលបណ្តាលមកពីការបាក់មែកឈើ និងរលំដើមឈើមកប៉ះប្រាសាទ និងអ្នកធ្វើដំណើរទស្សនានោះ ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាកំពុងតែបង្កើនការត្រួតពិនិត្យដើមឈើ ដែលស្ថិតនៅតាមដងផ្លូវសាធារណៈ ផ្លូវវង់ទស្សនាចរ និងដើមឈើដែលស្ថិតនៅកៀកនឹងប្រាសាទ ឬរចនាសម្ព័ន្ធបុរាណដ្ឋាននានា។
បុគ្គលិកបច្ចេកទេសមួយរូបនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា លោក គង់ សុវណ្ណរិទ្ធ បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះថា ក្នុងរដូវភ្លៀងនេះក្រុមការងាររបស់លោកបានបន្ថែមការដើរត្រួតពិនិត្យដើមឈើញឹកញាប់ជាងនៅរដូវប្រាំង។
ដើមឈើដែលត្រូវយកចិត្តទុកដាក់អង្កេតខ្លាំងបំផុតគឺ ដើមឈើដែលស្ថិតនៅតាមបណ្តោយផ្លូវសាធារណៈ ផ្លូវវង់ទស្សនារបស់ភ្ញៀវទេសចរ និងដើមឈើដែលដុះជាប់នឹងប្រាសាទ ឬរចនាសម្ព័ន្ធបុរាណដ្ឋានផ្សេងៗ។
លោក សុវណ្ណរិទ្ធ បន្ថែមថា ការងារអង្កេតហានិភ័យដើមឈើ គឺតែងធ្វើឡើងជាប្រចាំដើម្បីបញ្ជៀសហានិភ័យផ្សេងៗ។ “យើងកាត់ក្រីដើមឈើណាដែលមានមែកងាប់ ឬមានមែកច្រើនហើយអាចបាក់ពេលមានភ្លៀងខ្យល់ម្តងៗ។ ដើមឈើណាដែលយើងឃើញថា វាពុកផុយទាំងដើម ព្យាបាលលែងជា យើងនឹងសុំគោលការណ៍ដើម្បីដកហូតទាំងស្រុងតែម្តង។ ម្យ៉ាងទៀត មែកឈើមួយចំនួនដែលដុះគ្របទៅលើប្រាសាទ ធ្វើឲ្យដើមឈើលែងមានលំនឹង ក៏យើងកាត់ក្រីមែកចេញដែរ ដើម្បីបញ្ជៀសការបាក់មែកសង្កត់ប្រាសាទ តែមិនឲ្យងាប់ដើមឈើទេ”។
ទន្ទឹមនឹងការដើរកាត់ក្រីមែកឈើ និងដកហូតដើមឈើងាប់ៗចេញ ក្រុមការងាររបស់លោកក៏ត្រូវព្យាបាលដើមឈើដែលមានជំងឺដែរ។ បុគ្គលិកដែលមានបទពិសោធន៍លើការងារនេះជាង៧ឆ្នាំមកហើយអះអាងថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រុមការងាររបស់លោកព្យាបាលដើមឈើបានចំនួនជាង១៥០០ដើមហើយ។ រហូតមកដល់ពេលនេះ ដើមឈើធំៗដែលមានជំងឺខ្លះបានជាសះស្បើយស្ទើរ១០០% ហើយខ្លះទៀតកំពុងតែមានសភាពល្អប្រសើរឡើងវិញបន្តិចម្តងៗ។
ទោះជាយ៉ាងនេះក្តី លោកសុវណ្ណរិទ្ធបញ្ជាក់ថា ក្រុមការងាររបស់លោកមិនអាចដើរមើលដើមឈើបានគ្រប់ពេល២៤ម៉ោង ឬគ្រប់ដើមឈើទាំងអស់នោះដែរ ជាពិសេស ដើមឈើដែលនៅតាមផ្លូវដើររបស់អ្នកភូមិក្នុងតំបន់អង្គរតែម្តង។ ករណីនេះ លោកបានអំពាវនាវសុំឲ្យប្រជាពលរដ្ឋសហការជាមួយក្រុមការងារអាជ្ញាធរជាតិអប្សរា រាយការណ៍ជាបន្ទាន់ ករណីឃើញមានដើមឈើណាដែលងាប់ ឬអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ដើម្បីឲ្យក្រុមការងារបានដឹង និងចុះទៅពិនិត្យជាក់ស្តែងបានទាន់ពេលវេលា៕
មតិយោបល់