ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋមន្ត្រីក្រសួងសាធារណការព្រមានក្រុមជញ្ជីងថ្លឹងរថយន្តតាមផ្លូវ

ភ្នំពេញៈ ប្រធានលេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់លោក សេង ឈួន បានឲ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៥-២៩ ឧសភាកន្លងទៅនេះ មន្ត្រីជំនាញគោលដៅត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ក្រសួងសាធារណការ បានធ្វើការផាកពិន័យរថយន្តដឹកលើសទម្ងន់បានរហូតដល់ជាង៤៣លានរៀល ក្នុងគោលដៅ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ព្រៃវែង កណ្តាល និងពោធិសាត់ ។ លោកបន្តថា ក្រុមការងារបានឃាត់រថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួន៣០គ្រឿង និងពិន័យជាប្រាក់សរុបចំនួន៤៣.០៧៣.០០០រៀល ។

លោក សេង ឈួន បានឲ្យដឹងទៀតថា គោលដៅដែលត្រូវត្រួតពិនិត្យនោះមាន នៅស្ថានីយ៍ឃ្លាំងមឿង ខេត្តពោធិសាត់ ឃាត់រថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់បានចំនួន១១គ្រឿង ស្ថានីយ៍លង្វែក ខេត្តកំពង់ឆ្នាំង ឃាត់រថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ បានចំនួន១២គ្រឿង ក្នុងនោះឃាត់រថយន្តដឹកជ្រូកលើសកម្រិតកំណត់២២តោន ចំនួន០១គ្រឿង។ ស្ថានីយ៍អ្នកលឿងខេត្តព្រៃវែង ឃាត់រថយន្តដឹកជ្រូកលើស០៩តោន ចំនួន០១គ្រឿង, រថយន្តដឹកបន្លែលើស០៤តោន ០១គ្រឿង និងឃាត់រថយន្តដឹកត្រីចំនួន០២គ្រឿងដោយ០១គ្រឿងលើស០៤តោន និងមួយគ្រឿងទៀតលើស០៦តោន។ ស្ថានីយ៍កំពង់ភ្នំ ខេត្តកណ្តាល ឃាត់រថយន្តដឹកជ្រូកលើសទម្ងន់កម្រិតកំណត់ចំនួន១២តោន ចំនួន០១គ្រឿង។ ស្ថានីយ៍ព្រែកឯង រាជធានីភ្នំពេញ ឃាត់រថយន្តដឹកដែកចំនួន០២គ្រឿង ក្នុង០១គ្រឿងៗ លើសទម្ងន់កម្រិតកំណត់ជាង០៨តោន។

លោកប្រធានលេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបញ្ជាក់ថា ក្រោយពីការពិន័យ ក្រុមការងារបានធ្វើការអប់រំដល់អ្នកបើកបររថយន្តដឹកទំនិញទាំងនោះ កុំឲ្យដឹកទំនិញលើសកម្រិតកំណត់ទៀត ។លោកបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងឈ្មួញដែលជាម្ចាស់រថយន្ដដឹកទំនិញឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ក្នុងគោលបំណងរក្សាបានភាពយូរអង្វែង នៃផ្លូវថ្នល់សាធារណៈ និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នានាជូនប្រជាពលរដ្ឋ។

ពាក់ព័ន្ធករណីនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ បានធ្វើការព្រមានត្រង់ៗដល់មន្ត្រីដែលទទួលបន្ទុកនៅតាមជញ្ជីងថ្លឹងរថយន្ដទាំងអស់ នៅទូទាំងប្រទេស ត្រូវត្រួតពិនិត្យឲ្យបានតឹងរឹងចំពោះរថយន្តដែលដឹកលើសទម្ងន់។ បើមន្ត្រីណាឃុបឃិត ឬទទួលសំណូកពីការអនុញ្ញាតឲ្យរថយន្តដឹកលើសទម្ងន់នឹងត្រូវរងការពិន័យ ផ្នែករដ្ឋបាល និងពិន័យជាប្រាក់ឲ្យរាងចាលតែម្តង ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គោលដៅជញ្ជីងថ្លឹងរថយន្ដនៅទូទាំងប្រទេសមានចំនួន២៤កន្លែង ។ ក្រសួងនឹងស្នើទៅរាជរដ្ឋាភិបាលដំឡើងជញ្ជីងចល័តឡើងវិញ ដើម្បីគ្រប់គ្រងការផ្ទុកទំនិញលើសបរិមាណកំណត់ ។ដោយការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានលុបចោលការដាក់ជញ្ជីងថ្លឹងនៅតាមផ្លូវកន្លងមក ៕

photo_2016-06-03_16-27-59photo_2016-06-03_16-27-57photo_2016-06-03_16-27-54

មតិយោបល់