ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេម នឹងធ្វើសន្និសីទកាសែតបកស្រាយការពិតជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់បុរសម្នាក់

ភ្នំពេញៈ នៅថ្ងៃសុក្រទី៣ ខែមិថុនានេះ តារាចម្រៀងល្បីលោក ប៊ុន សុណារិន្ទ ហៅ ខេម បានបញ្ជាក់ថា លោកនឹងបកស្រាយរឿងរ៉ាវដែលបានកើតឡើងពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានអ្នកបើកបរម្នាក់ ស្លាប់ឲ្យអស់ដើម្បីបញ្ចប់ការជេរប្រមាថមកលើរូបលោកថា ជាអ្នកខុសតែម្នាក់ឯង។ លោកថា ការបំភ្លឺទាំងនោះ នឹងត្រូវធ្វើឡើងនៅក្នុងវេទិកាសន្និសីទកាសែត ដែលលោក និងផលិតថោន នឹងរៀបចំឡើង ប៉ុន្តែមិនច្បាស់ថា ធ្វើថ្ងៃណា ឬពេលណាឲ្យច្បាស់នោះទេ ដោយសារតែការរៀបចំនៅមិនទាន់កំណត់ច្បាស់។

ការប្រកាសពាក់ព័ន្ធនឹងវេទិកាសន្និសីទនេះ គឺបន្ទាប់ពីមានការដាក់បណ្ដឹងពីសំណាក់ភាគីជនរងគ្រោះ និងបន្ទាប់ពីមានការរិះគន់ខ្លាំងថា លោកបានធ្វើឲ្យមនុស្សស្លាប់ម្នាក់ បែរជាសុំគេបង់ត្រឹមតែ៤ពាន់ដុល្លារ ក្នុងពេលដែលខាងភាគីជនរងគ្រោះទាមទារ២៥០០០ដុល្លារ ដែលមិនខុសពីការប្រមាថអាយុជីវិតមនុស្ស។

លោក ខេម បញ្ជាក់ថា លោកនឹងធ្វើការបកស្រាយពាក់ព័ន្ធនឹងចម្ងល់នេះឲ្យអស់ ហើយលោកក៏នឹងបញ្ជាក់ពីថ្ងៃធ្វើសន្និសីទកាសែត និងទីកន្លែងនៅពេលកំណត់បាននោះផង។

មហាជនភាគច្រើន កំពុងចាំមើលចំពោះការបកស្រាយពាក់ព័ន្ធនឹងហេតុការណ៍នោះ ខណៈដែលលោក លី ម៉ាត់លី បងប្រុសរបស់អ្នកស្លាប់ ក៏ប្រកាសថា នឹងតតាំងក្រោយការបំភ្លឺរបស់លោកខេមផងដែរ ប្រសិនបើលោក ខេម បំភ្លឺយកចំណុចតែម្ខាង ហើយទម្លាក់កំហុសឲ្យប្អូនប្រុសរបស់លោក ដែលបានស្លាប់ថា មានកំហុសផ្ទុយទាំងស្រុងពីច្បាប់រកឃើញ។

មកទល់ពេលនេះ លោក ខេម បានអះអាងថា រវាងលោក និងភាគីខាងអ្នកស្លាប់ នៅមិនទាន់ត្រូវគ្នានៅឡើយទេ ហើយសំណុំរឿងលើករណីរបស់លោក ក៏មិនទាន់ច្បាស់ថា នឹងមានលទ្ធផលបែបណានោះដែរ ដរាបណាតុលាការមិនទាន់កាត់សេចក្ដី៕

photo_2016-06-03_16-13-50photo_2016-06-03_16-13-54photo_2016-06-03_16-13-56photo_2016-06-03_16-13-59photo_2016-06-03_16-14-01

មតិយោបល់