ភ្នំពេញៈ កម្ពុជា ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាន នៅឆ្នាំ២០១៧ បន្ទាប់ពីប្រទេសម៉ាឡេស៊ី។ វេទិកានេះ នឹងរៀបចំធ្វើឡើងនៅខែឧសភា ឆ្នាំ២០១៧ខាងមុខ។ នេះបើបានតាមការឲ្យដឹងពីហ្វេសប៊ុករបស់ក្រសួងសាធារណការ ចេញផ្សាយនៅមុននេះប៉ុន្មាននាទី។
ហ្វេសប៊ុកក្រសួងសាធារណការ បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលការធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ពីប្រទេសម៉ាឡេស៊ី មកឲ្យកម្ពុជា ដែលវេទិកានេះ នឹងរៀបចំឡើងនៅកម្ពុជា នាខែឧសភា ឆ្នាំ២០១៧ខាងមុខ។
វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នឹងនាំមកជូនកម្ពុជា នូវមេដឹកនាំនយោបាយ ពាណិជ្ជកម្ម សង្គមស៊ីវិល និងផ្នែកសិក្សាធិការបញ្ញាវ័ន្ត សរុបប្រមាណ៧០០នាក់។ នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ប្រកបដោយកិត្យានុភាពមួយនេះ។
ក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជាប្រធានគណៈកម្មការ រៀបចំវេទិកាដ៏មានសារៈសំខាន់លំដាប់ថ្នាក់ពិភពលោកមួយនេះ៕
មតិយោបល់