ភ្នំពេញៈ ក្រុមចោរឆក់ប្រុសស្រី៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក និងកម្លាំងខណ្ឌដូនពេញឃាត់ខ្លួនភ្លាមៗ ខណៈពួកគេជិះម៉ូតូតាមឆក់ផ្តាច់យកខ្សែកមាសពីនារីរងគ្រោះម្នាក់បានសម្រេច តែបើកម៉ូតូគេចខ្លួនមិនរួច ព្រោះនារីរងគ្រោះបើកម៉ូតូដេញតាមទាន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិ២២ ស្ថិតខាងក្រោយទូតបារាំង សង្កាត់ស្រះចកខណ្ឌដូនពេញ។
នារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេនារីរងគ្រោះម្នាក់ជិះម៉ូតូឌុបធ្វើដំណើរមកដល់ខាងលិចគល់ស្ពានជ្រោយចង្វារស្រាប់តែមានជនល្មើស០៣នាក់ ក្នុងនោះស្រីម្នាក់ និងប្រុស២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកឃ្លីច គ្មានស្លាកលេខដេញតាមឆក់ផ្តាច់យកខ្សែកមាសពីនារីរងគ្រោះរូបនោះ បានសម្រេច ហើយព្យាយាម បើកម៉ូតូគេចខ្លួន តែនារីរងគ្រោះគាត់ឲ្យម៉ូតូបើកដេញតាមពីចំណុចកើតហេតុ ព្រមទាំងមកស្រែកថា ចោរៗផងនោះលុះមកដល់ចំណុចប្លុកបឹងកក់ស្ថិតខាងក្រោយស្ថានទូបារាំង ក៏ត្រូវបានប្រជាពលរដ្ឋជិតខាងជួយអន្តរាគមន៍ចាប់បានក្រុមចោរឆក់ទាំង០៣នាក់នោះ រួចហៅកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកនាំខ្លួនទៅកាន់អធិការនគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕











មតិយោបល់